និស្សិតគំរាមសម្លាប់លោកស ខេងចេញលិខិតសុំការអភ័យទោសនិងលើកលែងទោស
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៥ តុលា ២០១៥)៖ ជនសង្ស័យដែលពាក់ព័ន្ធនឹងការគំរាមបោកគ្រាប់បែកសម្លាប់លោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេប៊ុក បានចេញលិខិតស្នើសុំការអភ័យទោសពីលោកស ខេង វិញ ដោយសាមីខ្លួនបានបញ្ជាក់ថា ទង្វើដែលរូបគេបានប្រព្រឹត្តជាការខ្វះការពិចារណា។
លិខិតមួយច្បាប់ បានបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៥ រូបគេពិតជាបានយកគណនីហ្វេសប៊ុកទៅសរសេរនៅលើសេចក្តីជូនដំណឹងស្តីពីការចែកសញ្ញាបត្រពិតប្រាកដមែន។ ជនសង្ស័យខាងលើបានបន្តថា អ្វីដែលរូបគេបានសរសេរ គឺជាទង្វើរដែលខ្វះការពិចារណា និងភាពឆេវឆាវ ដោយជាក់ស្តែង រូបគេពុំមានចេតនាប្រព្រឹត្តនូវអំពើដូចការសរសេរឡើយ។
គួរបញ្ជាក់ថា ជនសង្ស័យដែលមានឈ្មោះតៅ សាវឿន បានសរសេរនៅក្នុងទំព័រហ្វេប៊ុក (Savoeun Tao) របស់ខ្លួនថា «ចាំសម្ដេចមកដល់នាំគ្នាដាក់គ្រាប់បែកឲ្យងាប់ទាំងអស់គ្នាម្ដង» ហើយរូបគេត្រូវបាននាយការិយាល័យនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ឃាត់ខ្លួននៅម៉ោង១២ ថ្ងៃទី២៨កញ្ញា។
យ៉ាងណាក៏ដោយ ពាក់ព័ន្ធនឹងករណីនេះ លោកឧបនាយករដ្ឋមន្ត្រីស ខេង បានឲ្យដឹងនៅក្រោយបញ្ចប់កិច្ចប្រជុំ នៅក្នុងវិមានរដ្ឋសភា នាយប់ថ្ងៃទី០១តុលាថា លោកមិនបានប្តឹងផ្តល់ពាក់ព័ន្ធជាមួយនឹងនិស្សិតដែលសរសេរនៅលើហ្វេសប៊ុក ក្នុងន័យគំរាមសម្លាប់លោកនោះទេ។ លោកស ខេង ក៏បានបញ្ជាក់ថា រឿងនេះគឺជារឿងរបស់សមត្ថកិច្ច៕