សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៣ កញ្ញា ២០១៥) ៖ ចាប់ពីថ្ងៃទី១ខែមករាឆ្នាំ២០១៦ នគរបាលចរាចរណ៍នឹងអនុវត្តអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ ពិន័យនេះមានលក្ខណៈធ្ងន់ធ្ងរជាងពិន័យ ដែលមានចែងក្នុងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកបច្ចុប្បន្ន។
មាត្រា៦ នៃអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកចែងថា៖
ត្រូវពិន័យអន្តរការណ៍ ចំពោះអ្នកបើកបរទោចក្រយានយន្ត ឬទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ឬត្រីចក្រយានយន្ត ចំនួនទឹកប្រាក់ ១៥០០០ (មួយម៉ឺនប្រាំពាន់)រៀល អ្នកបើកបរយានយន្ត ធុនស្រាលចំនួនទឹកប្រាក់ ២៥ ០០០(ពីរម៉ឺនប្រាំពាន់)រៀល និងអ្នកបើកបររថយន្តធុនធ្ងន់ចំនួនទឹកប្រាក់ ៥០ ០០០ (ប្រាំម៉ឺន)រៀល ចំពោះអំពើល្មើសដូចខាងក្រោម៖
ក- អ្នកបើកបរទោចក្រយានយន្ត និងអ្នករួមដំណើរ ព្រមទាំងកុមារដែលមានអាយុពី០៣ ឆ្នាំឡើងទៅ មិនពាក់មួកសុវត្ថិភាព ឬពាក់មួកសុវត្ថិភាពមិនត្រឹមត្រូវតាមស្តង់ដាជាតិ ឬ ពាក់មួកសុវត្ថិភាពដោយមិនដាក់គន្លឹះខ្សែសុវត្ថិភាព។ ការពិន័យអន្តរការណ៍ករណីល្មើសនេះ ត្រូវគិតតាមចំនួនអ្នកប្រព្រឹត្តល្មើសលើកលែងកុមារ។ អ្នកបើកបរទោចក្រយានយន្តសណ្តោងរ៉ឺមក ឬ អ្នកបើកបរត្រីចក្រយានយន្ត មិនពាក់មួកសុវត្ថិភាព ឬ ពាក់មួកសុវត្ថិពាពមិនត្រឹមត្រូវតាមស្តង់ដាជាតិ ឬ ពាក់មូកសុវត្ថិភាពដោយមិនដាក់គន្លឹះខ្សែសុវត្ថិភាព។
ខ- អ្នកបើកបរយានយន្តដែលមិនបានយកភ្ជាប់តាមខ្លួននូវឯកសារដើមរួមមាន៖
បណ្ណបើកបរយានយន្ត បណ្ណសម្គាល់យានយន្ត វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ឬលិខិតអនុញ្ញាតធ្វើអាជីវកម្មចំពោះរថយន្តដែលប្រកបអាជីវកម្មដឹកជញ្ជូន។
គ- អ្នកបើកបររថយន្តគ្រប់ប្រភេទ និងអ្នករួមដំណើរជិះកៅអីមុខនៃរថយន្ត មិនពាក់ខ្សែក្រវាត់សុវត្ថិភាព។
ឃ- អ្នកបើកបររថយន្តដាក់កុមារអាយុក្រោម ១០ឆ្នាំ អង្គុយនៅកៅអីខាងមុខ។
ង- អ្នកបើកបរយានយន្តឈប់ ឬចតល្មើសនឹងមាត្រា ២៣ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
ច- អ្នកបើកបរយានយន្តបើកបរដោយកុងទ័រល្បឿនមិនដំណើរការ។
ឆ- អ្នកបើ់កបរយានយន្តហួសល្បឿនកំណត់ចាប់ពី ១ ទៅ ១៩ គីឡូម៉ែត្រក្នុងមួយម៉ោង។
ជ- អ្នកបើកបរយានយន្តប្រើប្រាស់ទូរសព្ទគ្មានឧបករណ៍សម្លេងភ្ជាប់ទំនាក់ទំនង នៅពេលកំពុងបើកបរ។
ឈ- អ្នកបើកបរយានយន្តប្រើសញ្ញាសូរសព្ទមិនត្រឹមត្រូវតាមបទប្បញ្ញត្តិច្បាប់់។
ញ- អ្នកបើកបរយានយន្តដឹកអ្នកដំណើរលើសចំណុះល្មើសនឹងចំណុចទី៨ មាត្រា៨ និងចំណុចទី៦ មាត្រា៥៦ នៃច្បាប់ពីចរាចរណ៍ផ្លូវគោក។ ការពិន័យអន្តរការណ៍នេះ ត្រូវគិតតាមចំនួនអ្នកប្រព្រឹត្តល្មើស។ អំពើល្មើសចំណុចទី៨ មាត្រា៨ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកលើកលែងបានក្នុងករណីដឹកអ្នកជំងឺ៕