លោក​ហ៊ុន សែន ​អំពាវនាវ​​​ក្រុម​ហ៊ុន​​សាំង និង​​ក្រុមហ៊ុន​​ដឹក​អ្នកដំណើរ​​បញ្ចុះតម្លៃ

សារព័ត៌មាន​ Cambodia News​/

ភ្នំ​ពេញ​ (២៣ កញ្ញា ២០១៥) ៖ ​​ក្នុង​ពិធី​បិទ​សន្និបាទ ស្ដី​ពី​ការប្រលងប្រណាំង​ទីក្រុង​ស្អាត សេវា​ល្អ​ឆ្នាំ​២០១៤ ដែល​​រៀបចំ​ដោយ​គណៈ​កម្មាធិការ​ជាតិ វាយតម្លៃ​ទីក្រុង​ស្អាត និង​ក្រសួង​ទេសចរណ៍ នៅ​សណ្ឋាគារ​សុខា ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​២២ កញ្ញា ឆ្នាំ​២០១៥​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​ក្រុម​ហ៊ុនសាំង​ទាំងអស់​ក្នុង​ប្រទេស​បញ្ចុះ​តម្លៃ​សាំង។ ​

លោក​ហ៊ុន សែន បាន​មានប្រសាសន៍ថា ប្រេង​នៅលើ​ពិភពលោក​បាន​ចុះថ្លៃ​ហើយ ប៉ុន្តែ​បណ្ដា​ក្រុមហ៊ុន​នៅ​កម្ពុជា​ចុះ​យឺត​ពេក​។ តែ​ដល់​ពេល​តម្លៃ​ប្រេង​នៅក្រៅ​ឡើងថ្លៃ ស្រាប់តែ​នៅ​ភ្នំពេញ​ឡើង​ដែរ​។

ក្រៅពី​មាន​ប្រសាសន៍​អំពាវនាវ​ឲ្យ​បញ្ចុះ​តម្លៃ​ប្រេងសាំង លោកនាយក​រដ្ឋមន្ត្រី​ក៏​បាន​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ទាំងអស់​កុំ​តម្លើង​ថ្លៃ​ឈ្នួល​នា​ឱកាស​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ​។

លោក​បាន​មានប្រសាសន៍​បន្ថែម​ថា ក្នុង​ស្មារតី​គិតគូរ​ដល់​ប្រជាពលរដ្ឋ ជាពិសេស​កម្មករ កម្មការិនី សិស្ស និស្សិត ដែល​ត្រូវ​ធ្វើដំណើរ​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ​គឺ​ត្រូវ​ចំនាយ​ខ្ពស់ ខណៈ​ដែល​ក្រុមហ៊ុន​តម្លើងថ្លៃ​ស្រេច​តែ​ចិត្ត​។

យ៉ាងណាក៏ដោយ បើ​តាម​ការកត់សម្គាល់ ជា​រៀងរាល់​ឆ្នាំ​ឲ្យតែ​ជិត​ដល់​ឱកាស​ពិធី​បុណ្យ​ប្រពៃណី​ជាតិ​ចូលមក​ដល់ ក្រុមហ៊ុន​ដឹក​អ្នកដំណើរ ព្រមទាំង​អ្នក​រត់​តាក់ស៊ី​មួយចំនួន បានចាប់ផ្ដើម​តម្លើង​ថ្លៃ​ឈ្នួល​ស្ទើរតែ​មួយ​ទ្វេរ​ជា​ពីរ​។ តែ​ទន្ទឹមនឹងនោះ ប្រមុខ​រដ្ឋាភិបាល​ក៏​តែងតែ​អំពាវនាវ​ឲ្យមាន​ការ​បញ្ចុះតម្លៃ​ជា​រៀងរាល់ឆ្នាំ​ផងដែរ​៕

N2

 

 

Related Articles

Back to top button
Close
Close