ការប្រើទូរស័ព្ទដៃក្នុងពេលបើកបរ គឺជាហានិភ័យថ្មីសម្រាប់អ្នកធ្វើដំណើរ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២២ កញ្ញា ២០១៥) ៖ ក្ដីព្រួយបារម្ភនៃបញ្ហាថ្មីរបស់សង្គមកម្ពុជា ដែលកំពុងតែមានភាពក្ដៅក្រហាយ ចំពោះអ្នកបើកបររថយន្តមួយចំនួន កំពុងតែខ្វះសុជីវធម៌ក្នុងការបើកបរ ដោយមិនគោរពច្បាប់ចរាចរណ៍ និងគោរពសិទ្ធិអ្នកប្រើប្រាស់ផ្លូវនោះ ឥលូវនេះត្រូវបានសាធារណជនខ្លះសង្កេតឃើញថា អ្នកបើកបរទាំងនោះបានទាញចុចទូរស័ព្ទទំនើប ក្នុងអំឡុងពេលកំពុងតែបើកបរ។
ការផ្លាស់ប្ដូរសតិអារម្មណ៍នៅក្នុងការបើកបរ ដោយទាញទូរស័ព្ទមកចុចរបៀបនេះ នាពេលខ្លះបានបង្កជាគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរដទៃជារឿយៗ ហើយក៏បានបង្កជាទំនាស់រវាងអ្នកបើកបរទាំងសងខាង ព្រោះម្នាក់ៗនិយមប្រកែកគ្នារកតែត្រូវ និងមិនមានទំនួលខុសត្រូវនូវបញ្ហា ដែលខ្លួនបានបង្កឡើង។
កត្តាតូចៗទាំងនេះបានបង្កភាពល្អក់កករយ៉ាងច្រើនសម្រាប់សង្គម ប៉ុន្តែវាមិនមែនជាបញ្ហាដែលយើងទាំងអស់គ្នាមិនអាចចូលរួមដោះស្រាយនោះទេ សំខាន់វាកើតចេញពីបញ្ញាញាណ និងក្រមសីលធម៌ល្អរបស់អ្នកបើកបរប៉ុណ្ណោះ។
ដូច្នេះក្នុងនាមយើងជាអ្នកបើកបរ និងជាអ្នកប្រើប្រាស់ផ្លូវសាធារណៈ ត្រូវមានទំនួលខុសត្រូវខ្ពស់ចំពោះអាយុរបស់ខ្លួនឯង និងក្រុមគ្រួសារ ជាពិសេសអាយុជីវិតអ្នកដទៃ ដែលកំពុងរួមដំណើរជាមួយយើងនៅតាមដងផ្លូវ។ សូមកុំប្រមាថជីវិតអ្នកដទៃ ដោយទង្វើឆ្គាំឆ្គងរបស់អ្នក និងសូមធ្វើការពិចារណាជាមុនសិន មុននឹងអ្នកប្រុងធ្វើអ្វីមួយនៅពេលកំពុងបើកបរនោះ៕