សោភ័ណ្ឌ ឡារី រិះគន់ការ ចាក់បញ្ចាំងរឿងថៃ
សារព័ត៌មាម Cambodia News/
ភ្នំពេញ (១៧ កញ្ញា ២០១៥) ៖ ថ្មីៗនេះ លោក សោភ័ណ្ឌ ឡារី ដែលទស្សនិកជន បានស្គាល់លោក យ៉ាងច្បាស់ថា ជា តារា សម្តែង ដែលមាន សកម្មភាព ច្រើនក្នុងឆាកនយោបាយ បានបង្ហាញសារ ខ្លីរិះគន់ ទៅ លើ ការចាក់បញ្ចាំងរឿងថៃ ដែលកាន់តែ រីកដុះដាល ដូចផ្សិតលើកញ្ចក់ទូរទស្សន៍ខ្មែរ។
តារាសម្តែងបុរសសង្ហា លោក សោភ័ណ្ឌ ឡារី បានសរសេរថា «ទោះជាតារាភាគច្រើន មិនហ៊ាននិយាយ តែខ្ញុំហ៊ាននិយាយ ព្រោះនេះជារឿងរបស់ជាតិមួយផ្នែកដែរ ! វប្បធម៌បរទេស ខ្ញុំដឹងថា មិនអាច ជៀសរួចទេ គ្រាន់តែឲ្យមានកម្រិត តែនេះដូចជាលើសលប់ ច្រើនពេកហើយ,កុំឲ្យអស់ធាតុដើម យើងជាខ្មែរ … ខ្ញុំ យល់ហើយ បើគ្មានការប្រៀបធៀប , ប្រឡងប្រជែងទេ ក៏គ្មានការជឿនលឿនដែរ គឺដូចកង្កែប ក្នុងអណ្តូងអ៊ីចឹងថា មេឃជារបស់អញ តែម្នាក់គត់ មានតែមេឃទេ ដែលល្អជាងគេ …» ។
ក្នុងនោះលោក ក៏បានបន្ថែមសារ បែបទទូចស្នើ ទៅដល់ក្រសួងពាក់ព័ន្ធបន្ថែមទៀតថា «សូមមេត្តាក្រសួងស្ថាប័ន ដែលពាក់ពន្ធ័ជួយមើល ហើយគិតផង អាណិតដល់អ្នកសិល្ប:ខ្មែរ អ្នកដឹកនាំ អ្នកផលិតករខ្មែរ អ្នកខ្លះរកតែលុយ ទិញបាយ ឬបង់ថ្លៃផ្ទះជួល មិនបានផង ហើយសិល្បៈខ្លះទៀត ដល់ឈឺវេទនា បណ្តោយ សូមគិត និងថែរក្សា វប្បធម៌ ឲ្យបានគង់វង្សផង»។
គួរបញ្ញាក់ថាផងដែរថា បច្ចុប្បន្ននេះ ស្ថានីយទូរទស្សន៍ ក្នុងស្រុកជាច្រើន បាននាំគ្នាចាក់ផ្សាយរឿងថៃ ជាបន្តបន្ទាប់ ដោយនៅក្នុងនោះ មានស្ថានីយទូរទស្សន៍ My TV, CTN, ETV ប៉ុស្តិ៍លេខ3, ប៉ុស្តិ៍លេខ៥, ស្ថានីយទូរទស្សន៍បាយ័ន និងទូរទស្សន៍អាស៊ីអាគ្នេយ៍ ជាពិសេស ស្ថានីយទូរទស្សន៍ PNN ដែលទើបតែផ្សាយជាផ្លូវការ កាលពីពេល ថ្មីៗនេះ ក៏បានទិញសិទ្ធិចាក់បញ្ចាំងរឿងភាគថៃ ផងដែរ ៕