ឃុំចំនួន ៣នៅខេត្តកំពត ត្រូវបានលិច
សារព័ត៌មាន Cambodia News/
កំពត (១៧ កញ្ញា ២០១៥) ៖ តាមសេចក្ដីរាយការណ៍ពីខេត្តកំពតបានឲ្យដឹងថា គិតមកត្រឹមពេលនេះឃុំបីនៅខេត្តកំពតក្នុងស្រុកទឹកឈូ មានឃុំម៉ាក់ប្រាំង ឃុំកំពង់គ្រែង និងឃុំព្រៃឃ្មំ ត្រូវបានទឹកជន់លិច ដោយសារក្រុមហ៊ុន វារីអគ្គិសនីកំចាយបើកទ្វារទឹកទាំងគំហុក។
សេចក្ដីរាយការណ៍បានឲ្យដឹងថា ក្រោយពីមានទឹកជន់លិចផ្ទះសម្បែងរបស់ប្រជាពលរដ្ឋចំនួន៣ឃុំនៅស្រុកទឹកឈូ អភិបាលខេត្តកំពតបានដឹកនាំមន្ត្រីចុះទៅដោះស្រាយសម្រួលការងារផ្សេងៗរួមនឹងការត្រៀមសង្គ្រោះប្រជាពលរដ្ឋចេញពីកន្លែងគ្រោះថ្នាក់ផងដែរ។
តាមសេចក្ដីរាយការណ៍ដដែលបញ្ជាក់ថា មូលហេតុបណ្ដាលឲ្យមានការលិចលង់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋទាំងបីឃុំនោះបណ្ដាលមកពីវារីអគ្គិសនីកំចាយ បើកទ្វារទឹក យ៉ាងគំហុកទម្លាក់មកក្រោម បូករួមទាំងទឹកភ្លៀងផងដែរ។
ប៉ុន្តែទោះជាយ៉ាងនេះក្តីគឺមិនទាន់មានការបំភ្លឺពីអាជ្ញាធរក៏ដូចជា តំណាងក្រុមហ៊ុនបានទេ ពាក់ព័ន្ធនឹងការលិចលង់នេះ។
ប្រជាពលរដ្ឋ សំណូមពរឲ្យមន្ត្រីជំនាញ អាជ្ញាធរ ខេត្ត និងមន្ត្រីពាក់ព័ន្ធ ពិនិត្យមើលឲ្យបានដិតដល់ ចំពោះការបើកទ្វារទឹក វារីអគ្គិសនីកំចាយ ធ្វើយ៉ាងការបើកទឹក ត្រូវមានបរិមាណ សមស្រប ដើម្បីចៀសវាងកុំឲ្យមានការលិចលង់ដល់ផ្ទះប្រជាពលរដ្ឋ៕