ឆាយ វីរៈយុទ្ធ ​និងវិញ្ញណ​ស្នេហ៍​បិសាច​ជញ្ជក់​ឈាម

ក្រោយពីខ្សែភាពយន្តរឿង “ វិញ្ញាណស្នេហ៍បិសាចជញ្ជក់ឈាម ” របស់ផលិតកម្មសាន់ ដេ ត្រូវបានធ្វើការដាក់បញ្ចាំងនៅតាមរោងភាពយន្តនានាក្នុងរាជ ធានីភ្នំពេញរួចមក បានធ្វើអោយបណ្តាទស្សនិកជនដែលចូលរួមទស្សនាខ្សែរឿងបែបព្រាយបិសាចមួយនេះ មានការកោតសរសើរមិនដាច់ពីមាត់ទៅលើការសម្តែងរបស់តារាចម្រៀងមនោសញ្ចេតនា ឆាយ វីរៈយុទ្ធ ថាពិតជាលេចធ្លោ ។

តារាចម្រៀងទើបតែរៈនៅក្នុងផលិតកម្មសាន់ដេ ឆាយ វីរៈយុទ្ធ បានទទួលតំណែងជាតួរងបន្ទាប់ពី កំពូលតារាចម្រៀងស្រស់សង្ហា ខេមរៈ សិរីមន្ត ដែលកាន់តំណែងជាតួឯកនៅក្នុងរឿង “វិញ្ញាណ ស្នេហ៍បិសាចជញ្ជក់ឈាម” នោះ ត្រូវបានមជ្ឈដ្ឋានទស្សនិកជនទទួលស្គាល់ថា ពិតជាមានភាពលេចធ្លោ ជាងលោក ខេមរៈ សិរីមន្ត ដោយសារតែតាមរយៈនៃ ការបង្ហាញឈុតឆាកជា ច្រើនដែលលោក ឆាយ វីរៈ យុទ្ធ បានសម្តែង និងគួបផ្សំជាមួយទេពកុសល្យដ៏ ប៉ិនប្រសព្វពី កំណើតផងដែរ ។

ពួកគេបានអះអាងថា ថ្វីត្បិតតារាចម្រៀងដែលមាន ឥទ្ធិពលក្នុងផលិតកម្មសាន់ដេ ខេមរៈ សិរីមន្ត ទទួល តំណែងជាតួឯកមែន ប៉ុន្តែនៅក្នុងខ្សែភាពយន្តរឿង “ វិញ្ញាណស្នេហ៍បិសាចជញ្ជក់ឈាម ” ទាំងមូលតួអង្គ លោក ឆាយ វីរៈយុទ្ធ ត្រូវបានគេមើលឃើញថា បាន លេចធ្លោដោយសំបូរប្លង់ច្រើនជាងតួឯកទៅទៀត ។

ស្របពេលនឹងមានការសរសើរទៅលើការសម្តែងរបស់តារាចម្រៀងប្រុស ឆាយ វីរៈយុទ្ធ ពីសំណាក់ទស្សនិកជនជាច្រើននោះ មានប្រភពមួយបានទម្លាយអោយដឹងផងដែរថា កំពូលតារាចម្រៀងរូបស្រស់ ខេមរៈ សិរីមន្ត ក៏កំពុងតែមានការអាក់អន់ស្រពន់ចិត្តបន្តិចផងដែរជាមួយផលិតកម្មសាន់ដេ ។ ប្រភពនោះបានបញ្ជាក់ថា គ្រាន់តែខ្សែភាពយន្តរឿង “ វិញ្ញាណស្នេហ៍បិសាចជញ្ជក់ឈាម ” ដាក់បញ្ចាំងនៅថ្ងៃដំបូងភ្លាម បានធ្វើអោយតារាចម្រៀង ខេមរៈ សិរីមន្ត ផ្ទុះចេញនូវអារម្មណ៍មិនសប្បាយចិត្តភ្លាមតែម្តង ។

ប្រភពនោះបានសន្និដ្ឋានថា ប្រហែលជាខាងផលិតកម្មសាន់ដេ បានផ្តល់តំណែងអោយលោក ឆាយ វីរៈយុទ្ធ មានឱកាសសម្តែងក្នុងខ្សែរឿងនោះបានច្រើនឈុតពេក ដែលស្ទើរតែលេចធ្លោជាងតំណែងជាតួឯកដែលមានលោក ខេមរៈ សិរីមន្ត ជាអ្នកកាន់ហើយមើលទៅ បានជាធ្វើអោយកំពូលតារាចម្រៀងដែលមានឥទ្ធិពលក្នុងដួងចិត្តយុវវ័យរូបនេះមានការ អាក់អនចិត្តនោះ ។

លោក ឆាយ វីរៈយុទ្ធ ត្រូវបានក្រុម អ្នក វិភាគខាងទឹកដមសម្លេងធ្វើ ការវាយតំលៃថា គឺជាគូប្រជេងថ្មីបំផុតដែលអាចជះឥទ្ធិពលខាងប្រជាប្រិយភាពទៅដល់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ដែលបច្ចុប្បន្នកំពុងតែឈរលំដាប់កំពូលនៅក្នុងផលិតកម្មសាន់ដេ ។

ក្រុមអ្នកវិភាគទាំងនោះបន្តថា ដោយសារតែលោក ឆាយ វីរៈយុទ្ធ ដែលជាតារាចម្រៀងចំណូលថ្មីរបស់ផលិតកម្មសាន់ដេ មានសម្លេងធ្ងន់ល្អ មានខ្យល់ដង្ហើមវែង ព្រមទាំងប៉ិនប្រសព្វដាក់អារម្មណ៍មនោស ញ្ចេតនាបានខ្ពស់ទៀតនោះ គេជឿជាក់ថា ទៅថ្ងៃខាងមុខប្រជាប្រិយភាពរបស់លោក ឆាយ វីរៈយុទ្ធ ប្រាកដជាទទួលបានកាន់តែច្រើនឡើងៗពីសំណាក់ទស្សនិកជន ជាពិសេសក្រុមយុវវ័យតែម្តង ។

គួរបញ្ជាក់ថា តារាចម្រៀងដែលមានទឹកដមសម្លេងពិរោះ ប៉ិនតំអូញតំអែរ និងបង្កប់ទៅដោយអារម្មណ៍មនោសញ្ចេតនាខ្ពស់ ឆាយ វីរៈយុទ្ធ ក្រោយសាងកេរ្តិ៍ឈ្មោះល្បីនៅក្នុងផលិតកម្ម M និងផលិតកម្ម Bigman រួចមក ពេលនេះត្រូវបានអ្នកឃ្លាំមើលពីសន្ទស្សនៅលើទីផ្សារសិល្បៈរបស់តារាយុវវ័យសង្កេត ឃើញថា តារាចម្រៀងប្រុសរូបនេះបានតម្កើនខ្លួនលេចធ្លោកាន់តែខ្លាំងបន្ថែមមួយកំរិតទៀតហើយ ខណៈឆក់យកប្រជាប្រិយភាពពីបណ្តាទស្សនិកជនជាច្រើនតាមរយៈផ្ទុៈនូវបទចម្រៀង ពិរោះៗប៉ុន្មានវ៉ុលចុងក្រោយរបស់លោក និងការចូលរួមសម្តែងជាតួអង្គក្នុងខ្សែភាពយន្តរឿង  “  វិញ្ញាណស្នេហ៍បិសាចជញ្ជក់ឈាម  ”  ដែលកំពុងទទួលបានជោគជ័យដ៏ធំធេង ៕

ដោយ៖ សារ៉ាយ

Related Articles

Back to top button
Close
Close