ការប្រឡងបាក់ឌុប ចាប់ផ្តើមហើយ នៅព្រឹកនេះ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៤ សីហា ២០១៥) ៖ នៅព្រឹកថ្ងៃទី២៤ សីហា នេះ នៅក្លោងទ្វារចូលបរិវេណវិទ្យាល័យ ដែលជាមណ្ឌលប្រឡង គឺមានការត្រួតពិនិត្យបេក្ខជន ដើម្បីកុំអោយយកប្រ៊ីយ៉ុង ឬក៏គ្រឿងអេឡិចត្រូនិច ចូលទៅក្នុងបន្ទប់ប្រឡង និងមានកម្លាំងអាជ្ញាធរមានសមត្ថកិច្ច នៅជុំវិញបរិវេណសាលាវិទ្យាល័យ ដោយយាមកាមយ៉ាងតឹងរឹងផងដែរ។
ក្រសួងអប់រំយុវជន និងកីឡា បានប្រកាសថា ដំណើរការ ប្រឡង ថ្ងៃទី១ នាថ្ងៃទី២៤ សីហានេះ គឺបានប្រព្រឹត្តទៅដោយភាពស្ងប់ស្ងាត់ រក្សាបាននូវសណ្ដាប់ធ្នាប់របៀបរៀបរយ តាមមណ្ឌលប្រឡងនីមួយៗ បានល្អប្រសើរទូទាំង រាជធានី ខេត្ត។
គួរបញ្ជាក់ផងដែរថា សម័យប្រឡងថ្ងៃទី២៤-២៥ ខែសីហា ឆ្នាំ២០១៥នេះ មានបេក្ខជនប្រឡងសរុបចំនួន ៨៨.៤៨៨ នាក់ និងមានមណ្ឌលប្រឡងចំនួន១៥០ ចែកចេញជា ៣.៥៧៦ បន្ទប់ នៅរាជធានី-ខេត្ត ទូទាំងប្រទេស នឹងអ្នកសង្កេតការណ៍ស្ម័គ្រចិត្តចំនួន ៥៦២៥ នាក់ ដើម្បីចូលរួមតាមដានការប្រឡងបាក់ឌុបរយៈពេលពីរថ្ងៃនេះ៕ ដោយ៖ ហេង នាង
