យុវជនម្នាក់ខឹងសង្សារផ្តាច់ចំណងស្នេហ៍បង្ហោះរូបភាពលើគ្រែ ត្រូវប៉ូលិសចាប់ខ្លួន
សារព័ត៌មាន Cambodia News/
បន្ទាយមានជ័យ (១១ សីហា ២០១៥) ៖ យុវជនម្នាក់បានបង្ហោះរូបភាពលើគ្រែរបស់ខ្លួនជាមួយនាងជាសង្សារ ក្នុងបណ្តាញព័ត៌មានសង្គម Facebook ដើម្បីបង្ហាញអំពីការសងសឹកឲ្យអតីតសង្សារបាក់មុខបាក់មាត់ខូចខាតកិត្តិយស ប៉ុន្តែត្រូវសមត្ថកិច្ច ខេត្តបន្ទាយមានជ័យ ចាប់ខ្លួនតាមដីកាបង្គាប់របស់តុលាការ កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៥កន្លងទៅ ។
យុវជនដែលត្រូវសមត្ថកិច្ចចាប់ខ្លួនតាមច្បាប់ រឿងបង្ហោះរូបភពអាសអាភាសនោះ មានឈ្មោះ ញឹម ចាន់ណា អាយុ២៧ឆ្នាំ រស់នៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ជនសង្ស័យឈ្មោះ ញឹម ចាន់ណា បានឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ម្សិលមិញ មុនពេលបញ្ជូនខ្លួនទៅកាន់តុលាការ ឲ្យដឹងថា រូបភាពអាសអាភាសលើគ្រែដែលខ្លួនបានបង្ហោះក្នុង Facebook នោះជារូបភាពកាត់តប៉ុណ្ណោះ ដ្បិតខ្លួនមានការខឹងសម្បានឹងសង្សារផ្តាច់ចំណងស្នេហ៍ ហើយក៏ធ្វើការសងសឹកនឹងសង្សារវិញ៕