អង្គការសហប្រជាជាតិសម្រាប់ស្ត្រីរៀបចំសន្និសីទអន្តរជាតិស្ដីពីជំងឺអេដស៍
ដោយ៖ ហេង នាង
អង្គការសហប្រជាជាតិសម្រាប់ស្ត្រី (UN Women) បានរៀបចំសន្និសីទអន្តរជាតិស្ដីពីជំងឺអេដស៍រយៈ ពេល ៦ថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៧ កក្កដា ២០១២ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ សន្និសីទអន្តរជាតិស្ដីពីជំងឺអេដស៍នេះរៀបចំធ្វើឡើងរៀងរាល់ ២ឆ្នាំម្ដង ប៉ុន្តែនៅឆ្នាំនេះគឺផ្ដោតសំខាន់ ក្នុងការផ្ដល់អាទិភាពដល់ស្ត្រីដែលមានផ្ទុកជំងឺអេដស៍ ដើម្បីឲ្យពួកគេទទួលបានសិទ្ធិស្មើគ្នាដូចជា បុរសទទួលបានសេវាព្យាបាល និងថែទាំសុខភាព។
សន្និសីទអន្តរជាតិស្ដីពីជំងឺអេដស៍នៅឆ្នាំនេះ ចែកចេញជាច្រើនវគ្គ ដែលក្នុងវគ្គនីមួយៗ មានវាគ្មិនជា ច្រើនរូបពីខាងអង្គការសហប្រជាជាតិនៃជំងឺអេដស៍ និងអង្គការសុខភាពពិភពលោកជាដើម ដើម្បី ថ្លែងពីទុក្ខលំបាករបស់ស្ត្រីកើតអេដស៍ និងផ្សព្វផ្សាយពីវិធានការមួយចំនួន ដើម្បីផ្ដល់សេវាគាំទ្រ សុខភាពដល់ស្ត្រីទាំងនោះ។
លោក ហាឌ្រីន ប៊ុនណូដ (Hadrien Bonnaud) ប្រធានចាត់ចែងសន្និសីទអន្តរជាតិស្ដីពីជំងឺអេដស៍ បាននិយាយថា សន្និសីទអន្តរជាតិស្ដីពីជំងឺអេដស៍នៅឆ្នាំនេះ គឺពង្រឹងអំណាចដល់ស្ត្រីដែលកើត អេដស៍ឲ្យហ៊ានតស៊ូមតិដើម្បីឲ្យខ្លួនទទួលបាននូវការយកចិត្តទុកដាក់ពីក្រុមអ្នកធ្វើសេចក្ដីសម្រេចចិត្ត និងក្រុមប្រទេសម្ចាស់ជំនួយ។
យោងតាមស្ថិតិរបស់អង្គការសហប្រជាជាតិនៃជំងឺអេដស៍ (UNAIDS) បានឲ្យដឹងថា នៅឆ្នាំ២០១១ មានអ្នកផ្ទុក និងកើតជំងឺអេដស៍មានចំនួន ៣៤លាននាក់ នៅទូទាំងពិភពលោក។ ក្នុងនោះ ១លាន ៨សែននាក់បានស្លាប់។ ក្នុងចំណោមអ្នកផ្ទុក និងកើតអេដស៍ ៣៤លាននាក់នោះ គឺជិត ៥០ភាគរយបានទទួលថ្នាំព្យាបាល ដើម្បីពន្យារជីវិត Antiretroviral។ ចំណែកនៅប្រទេសកម្ពុជាវិញ មានអ្នកកើតអេដស៍ចំនួន ៦៧.២០០នាក់ ក្នុងនោះប្រមាណជា ៤ម៉ឺននាក់ បានទទួលថ្នាំពន្យារជីវិត៕