អង្គការ​សង្គម​ស៊ីវិល​​​ស្វែងរក​ការគាំទ្រឲ្យ​បញ្ឈប់​ទណ្ឌកម្ម​ដល់​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន

ដោយ​ ហេង នាង
សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (២៤ មិថុនា ២០១៥)៖ នៅ​ថ្ងៃ​​ពុធ​​នេះ អង្គការ​ខាណា​សហការ​ជា​មួយ​ពាក់ព័ន្ធ​​​បាន​បើក​យុទ្ធនាការ​​មួយ​​​ក្រោម​ប្រធាន​បទ “គាំទ្រ! បញ្ឈប់ទណ្ឌកម្ម” ដើម្បី​ស្វែង​រក​ការគាំទ្រ​ធ្វើ​ឲ្យ​កាន់​តែ​ប្រសើរ និង​បន្ធូរ​បន្ថយ​គោល​នយោបាយ​ដែល​បង្អាក់​ដល់​ការ​អនុវត្ត​កម្មវិធី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ដល់​​​​អ្នក​​ប្រើ​​ប្រាស់​​គ្រឿង​​​ញៀន ហើយ​ពួក​គេ​អាច​​ទទួល​បាន​សេវា​សុខភាព​ដោយ​ស្ម័គ្រ​ចិត្ត​ជា​ជាង​ការ​ដាក់​ទោស​ដល់​អ្នក​​ប្រើប្រាស់​គ្រឿង​ញៀន។

​បើ​​តាម​​សេចក្តី​ប្រកាស​ព័ត៌​មាន​​​របស់​​អង្គការខាណា​ដែល​សារព័ត៌មាន​យុវវ័យថ្មីទទួលបានសរសេរថា នៅប្រទេសកម្ពុជាមាន​ចំនួន​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​ប្រមាណ​១៣.០០០នាក់ និងអ្នកចាក់គ្រឿងញៀន​​ប្រមាណ១.៣០០នាក់ ហើយ៨៤% (១.០៨៦ នាក់) នៃអ្នកចាក់គ្រឿងញៀនកំពុងរស់នៅក្នុងរាជធានីភ្នំពេញ ខណៈ​ដែលអត្រាប្រេវ៉ាឡង់មេរោគអេដស៍ក្នុងចំណោមអ្នកចាក់គ្រឿងញៀនមានកំរិតខ្ពស់ដល់​ទៅ២៤.៨%។​

អ្នក​ចាក់គ្រឿងញៀននៅស្ទឹងមានជ័យ (រូបឯកសារឆ្នាំ​២០១៣ ​ដោយ ឆាយ សុផល)
អ្នក​ចាក់គ្រឿងញៀននៅស្ទឹងមានជ័យ (រូបឯកសារឆ្នាំ​២០១៣ ​ដោយ ឆាយ សុផល)

នៅក្នុងរបាយការណ៍សិក្សាមួយដែលធ្វើដោយអង្គការខាណានៅដើមឆ្នាំ២០១៥បង្ហាញថា ការកាត់បន្ថយ​គ្រោះថ្នាក់ដល់អ្នកប្រើសប្រាស់​គ្រឿង​ញៀន​​នៅកម្ពុជានៅមិនទាន់បានជ្រួតជ្រាប និងមិនទាន់ទទួល​បានជោគជ័យនៅឡើយ ហើយភាគច្រើនកើតឡើងដោយសារភាពមិនស៊ីសង្វាក់គ្នារវាងច្បាប់ស្តីពី​នៃការត្រួតពិនិត្យគឿងញៀន(ឆ្នាំ ២០១២) គោលនយោ​​បាយភូមិ/ឃុំមានសុវត្ថិភាព (ឆ្នាំ ២០១០ និង​ការអនុវត្តច្បាប់ចំពោះការផលិតគឿងញៀន   ការជួញដូរគឿង​ញៀន​  ការកាន់កាប់គឿងញៀន និងការ​ប្រើបាស់គ្រឿងញៀន)។

ការ​សិក្សាបានរកឃើញថា ដោយសារ​គម្លាតរវាងគោលនយោបាយ និងការអនុវត្តរួមជាមួយនឹងបរិយា​កា​សវប្បធម៌  “យើងពិបាកក្នុងការផ្តល់សេវាកាត់បន្ថយគ្រោះថ្នាក់ និងសេវាព្យាបាលហើយដោយសារការរឹតបន្តឹង គោលនយោបាយភូមិ/ឃុំមានសុវត្ថិភាព  អ្នកប្រើប្រាស់គ្រឿងញៀនមិនហ៊ានទៅទទួលសេវាសុខភាព។ មន្រ្តីអនុវត្តច្បាប់បានធ្វើឲ្យមានការរើសអើង និងហឹង្សាលើរាងកាយចំពោះអ្នកប្រើប្រាស់គ្រឿងញៀន។ របៀបធ្វើការដោយប្រើទណ្ឌកម្មបែបនេះធ្វើឲ្យអ្នកប្រើប្រាស់គ្រឿងញៀនលាក់ខ្លួន និងធ្វើឲ្យពួកគេពិបាកនឹងទទួលសេវាព្យាបាល និងសេវាសង្គមដែលស្របតាមផ្លូវច្បាប់”។

ដោយហេតុនេះ អង្គការសង្គមស៊ីវិលបានធ្វើការអំពាវនាវនិងរំពឹងទុកថា នឹងទទួលបាន “​ការគាំទ្រដ៏ខ្លាំងក្លាជាងមុនលើជីវិតអ្នកប្រើប្រាស់គ្រឿងញៀន និងសហគមន៍ប្រកបដោយសុខដុមជាងមុនដោយគ្មានគ្រឿងញៀន និងរួមគ្នាកាត់បន្ថយគ្រោះថ្នាក់នានាតាមរយៈការផ្តល់កម្មវិធីកាត់បន្ថយគ្រោះថ្នាក់ និងការព្យាបាលអ្នកញៀនគ្រឿងញៀនដោយផ្អែកលើសហគមន៍ប្រកបដោយគុណភាព និងការគោរពសិទ្ធិរបស់អ្នកប្រើប្រាស់គ្រឿងញៀន”។

គួរបញ្ជាក់ថា យុទ្ធនាការនេះមាន​អ្នកចូលរួមជាង២០០នាក់ ដែលក្នុងនោះមានមន្រ្តីមកពី​នាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពាន​គ្រឿងញៀននៃក្រសួងសុខាភិបាល   អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ   អង្គការសុខ​ភាពពិភពលោក  ទីភ្នាក់ងារ UNAIDS  អាជ្ញាធរដែនដី មន្រ្តីអនុវត្តច្បាប់ អ្នកផ្តល់សេវា​សុខភាព អ្នកសារព័តមាន និងសមាជិកសហគមន៍។ យុទ្ធនាការនេះធ្វើឡើងក៏ក្នុងបំណងចូលរួម​អបអរទិ​វាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលនឹងប្រព្រឹត្តទៅ​នៅថ្ងៃទី២៦ ខែ មិថុនា៕

Related Articles

Back to top button
Close
Close