សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​អាជ្ញាធរ​យក​ចិត្ត​ទុក​ដាក់​​ពី​​អំពើ​ហិង្សា​លើ​ស្ត្រី

ដោយ  ផល សុវណ្ណវត្តី

Cambodia News

ដោយសារតែពិនិត្យឃើញថា អំពើហិង្សាក្នុងគ្រួសារទៅលើស្ត្រី និងកុមារនៅតែជាបញ្ហាទាំងនៅក្នុងគ្រួសារ និងនៅក្នុងសង្គម ក្រុមអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនបានទាមទារឱ្យអាជ្ញាធរមានសមត្ថកិច្ច និងតុលាការយកចិត្តទុកដាក់បន្ថែមទៀត។

ការទាមទារនេះគឺក្នុងគោលបំណងចង់លុបបំបាត់ការមាក់ងាយ និងការរើសអើងដល់ស្ត្រី និងកុមារ និងក្នុងបំណងឲ្យពួកគេចៀសផុតពីអំពើហិង្សានានា ពិសេសហិង្សាក្នុងគ្រួសារ។

លោកស្រី រស់ សុភាព ជានាយិកាប្រតិបត្តិរបស់អង្គការ យេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជាបានមានប្រសាសន៍ថា ទោះបីជាច្បាប់ប្រឆាំងអំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ បានអនុម័ត ដោយសភាជាតិ និងបានចូលជាធរមានតាំងពីឆ្នាំ២០០៥ ក៏ដោយ ក៏បញ្ហាហិង្សាមកស្រ្តី និងកុមារនៅតែកើតមានជាញឹកញាប់។

លោកស្រីបានបញ្ជាក់ថា កន្លងមក រាជរដ្ឋាភិបាលក៏បានខិតខំប្រែងប្រែងផ្សព្វផ្សាយ និងអប់រំ ដើម្បីប្រឆាំងនិងលុបបំបាត់អំពើហិង្សាក្នុងគ្រួសារដែរ ក៏ប៉ុន្តែការផ្សព្វផ្សាយនោះមិនទាន់បានទូលំទូលាយនៅឡើយ ពិសេសនៅតាមមូលដ្ឋានស្រុក ឃុំ និងភូមិទូទាំងប្រទេស។

លោកស្រីបានបន្ថែមថា ជាច្រើនឆ្នាំមកនេះ បើទោះជារាជរដ្ឋាភិបាលកម្ពុជាបានធ្វើការងារជាច្រើន ក្នុងកិច្ចជួយការពារស្ត្រីរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារក៏ដោយ ក៏បញ្ហានេះនៅតែជាកង្វល់ដ៏ធំ ព្រោះថា អាជ្ញាធរនៅតាមមូលដ្ឋាន និងប្រព័ន្ធតុលាការនៅមានការចន្លោះប្រហោងក្នុងការចូលរួមដោះស្រាយប៉ុន្មានទេ។

លោកបានបន្តថា ការមិនបានដឹង និងមិនបានយល់ពីច្បាប់នាំឱ្យប្រជាពលរដ្ឋនិងសង្គមមិនមានការផ្លាស់ប្ដូរឥរិយាបថ ពីព្រោះទម្លាប់របស់ប្រជាជនខ្មែរដែលមានរាប់រយឆ្នាំមកហើយនោះ គឺចាត់ទុកថា អំពើហិង្សាក្នុងគ្រួសារ គឺជារឿងឯកជន ដែលត្រូវគ្រួសារខ្លួនឯង ជាអ្នកត្រូវដោះស្រាយផ្ទាល់។

បើតាមរបាយការណ៍របស់សមាគមការពារសិទ្ធិមនុស្ស អាដហុក (ADHOC) បានឱ្យដឹងថា ក្នុងរយៈពេល ៥ខែនៃឆ្នាំ២០១២ តួលេខនៃអំពើហិង្សាក្នុងគ្រួសារ នៅទូទាំងប្រទេសមានចំនួន ១៧៥ករណី។ តួលេខនេះ មានការថយចុះជាងកាលពីឆ្នាំមុនជាង ៧០ករណី បើប្រៀបធៀបទៅនឹងរយៈពេល ៥ខែដូចគ្នា កាលពីឆ្នាំ២០១១ កន្លងទៅ គឺមានរហូតទៅដល់ ២៥១ករណីនោះ។ (អត្ថបទនេះសរសេរឡើងក្រោមការគាំទ្រពីអង្គការ Trocaire)

Related Articles

Back to top button
Close
Close