កម្ពុជាជាប់កំណត់ត្រាអ្នកទស្សនាការប្រកួតជម្រុះ World Cup តំបន់អាស៊ីច្រើនជាងគេ
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ អ្នកទស្សនាកីឡាបាល់ទាត់នៅពហុកីឡដ្ឋានជាតិអូឡាំពិកមានចំនួនច្រើនជាងគេបើប្រៀបធៀបទៅនឹងព្រឹត្ដិការណ៍ World Cup ជម្រុះតំបន់អាស៊ី ហើយចំនួនអ្នកគាំទ្របច្ចុប្បន្ននេះក៏ច្រើនជាងព្រឹត្ដិការណ៍សម័យសង្គមរាស្ដ្រនិយម ឆ្នាំ១៩៦៦ ដែលមានច្រើនបំផុតត្រឹមជិត៥ម៉ឺននាក់នោះ ។
ប្រភពពីសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានឱ្យដឹងថា កំណត់ត្រាអ្នកទស្សនាការប្រកួតជម្រុះជុំទី២ប្រចាំតំបន់អាស៊ីនៃព្រឹត្ដិការណ៍ World Cup ចំនួនអ្នកគាំទ្រនៅប្រទេសកម្ពុជាកើនឡើង៦៣.០០០នាក់ ចំពោះការប្រកួតកម្ពុជា-សិង្ហបុរី ហើយកម្ពុជាប្រកួតជាមួយអាហ្វហ្គានីស្ថានអ្នកគាំទ្រមានចំនួន៥៥.០០០នាក់ ។
ប្រភពពី AFC បានបញ្ជាក់យ៉ាងលម្អិតថា ជប៉ុនប្រកួតជាមួយសិង្ហបុរី អ្នកគាំទ្រមានចំនួន៥៧.៥៣៣នាក់, កូរ៉េខាងជើងប្រកួតជាមួយអូប៉េគីស្ថានអ្នកគាំទ្រចំនួន៤២.០០០នាក់ ហើយថៃប្រកួតជាមួយនឹងវៀតណាមអ្នកគាំទ្រត្រឹមតែ៤០.៥០០នាក់ បើប្រៀបធៀបចំនួនអ្នកចូលទស្សនា ឃើញថា កម្ពុជាមានអ្នកគាំទ្ររហូតដល់ ៦៣.០០០នាក់ ហើយចំនួនដ៏លើសលប់ នេះត្រូវបានកំណត់ត្រាថាអ្នកទស្សនា ច្រើនជាងគេប្រចាំតំបន់អាស៊ី ៕