រដ្ឋាភិបាលយកថ្ងៃទី១៩ ខែមិថុនា ជាថ្ងៃកាន់ទុក្ខមរណភាព លោក ជា ស៊ីម
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៩ មិថុនា ២០១៥) ៖ សារាចរណែនាំរបស់រដ្ឋាភិបាលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញ បានណែនាំថា នៅថ្ងៃទី១៩ ខែមិថុនានេះ គ្រប់ក្រសួង ស្ថាប័ន សាលារៀន មន្ទីរពេទ្យរបស់រដ្ឋ និងឯកជនទាំងអស់ត្រូវបង្ហូតទង់ជាតិត្រឹមមួយភាគបីនៃដងទង់ជាតិចាប់ពីលើ ។
បើតាមសារាចរណែនាំរបស់រដ្ឋាភិបាលដដែលបានបន្តថា រដ្ឋាភិបាលកំណត់យកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៥ ជាថ្ងៃកាន់ទុក្ខជាផ្លូវការ សម្រាប់មរណភាពរបស់លោក ជា ស៊ីម ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានទទួលមរណភាពកាលពីម្សិលមិញ ។
សារចរក៏បានណែនាំឲ្យគ្រប់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ជាតិ និងឯកជនទាំងអស់ ត្រូវផ្អាកការសម្ដែង និងការចាក់ផ្សាយទស្សនីយភាពផ្សេងៗ ដែលមានលក្ខណៈសប្បាយគគ្រឹកគគ្រេង នៅថ្ងៃទី១៩ ខែមិថុនានេះផងដែរ៕