គ.ជ.ប ផ្ដល់សេចក្ដីព្រាងបទបញ្ជា នីតិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោត ដល់សហគមន៍អឺរ៉ុប
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០២ មិថុនា ២០១៥) ៖ នៅថ្ងៃទី២ មិថុនានេះ កម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) នឹងផ្ដល់នូវសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោត ដល់សហគមន៍អឺរ៉ុប។
បើតាមការប្រកាសរបស់គ.ជ.ប កន្លងមក បានឲ្យដឹង ថា ការផ្ដល់ជូនសហគមន៍ អឺរ៉ុប នូវសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោត គឺដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ដែលក្រុមការងារបច្ចេកទេសគ.ជ.ប បានធ្វើរួចរាល់១០០ភាគរយ។
យ៉ាងណាក៏ដោយសហគមន៍អឺរ៉ុប បានប្រកាសហើយថា ប្រហែលជាមិនអាចផ្ដល់ជំនួយ ដល់គ.ជ.បបានទេ ចំពោះការចុះឈ្មោះសាកល្បង ដែលនឹងត្រូវធ្វើឡើងនៅខែសីហាឬ ខែកញ្ញា ឆ្នាំ២០១៥នេះទេ ប៉ុន្ដែសហគមន៍អឺរ៉ុបអាចមានថវិកាជំនួយ ចាប់ពីខែមករា ឆ្នាំ២០១៦តទៅ។
ដោយឡែក អ្នកជំនាញបោះ ឆ្នោតមកពីសហគមន៍អឺរ៉ុបម្នាក់ទៀត នឹងមកដល់ប្រទេសកម្ពុជា ដើម្បីសហការជាមួយគ.ជ.ប ហើយថា សហគមន៍អឺរ៉ុបអាចសហការជាមួយគ.ជ.ប បានច្រើនចំណុច៕