អាជ្ញាធរអប្សរាបដិសេធព័ត៌មានលក់វត្ថុបុរាណម្កុដមាស
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៩ មេសា ២០១៥) ៖ យោងតាមទំព័រហ្វ៊េសប៊ុករបស់អាជ្ញាធរជាតិអប្សរា បានធ្វើការអះអាង បញ្ជាក់ថា បច្ចុប្បន្ននេះ វត្ថុបុរាណម្កុដមាស ត្រូវបានរក្សាទុកនៅ កន្លែងមានសុវត្ថិភាព ដោយមិនមាន ការលក់ដូរ ដូចការចោទប្រកាន់ ឬការលើកឡើងរបស់មតិមួយចំនួននោះឡើយ ។ [ អានបន្ត ]
ការបញ្ជាក់របស់អាជ្ញាធរអប្សរានេះ បានធ្វើឡើង ក្រោយពីមានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមហ្វ៊េសប៊ុកថា អាជ្ញាធរអប្សរាបានឃុបឃិតជាមួយនឹងស្ថាប័នឥណ្ឌាលក់វត្ថុដ៏មានតម្លៃមួយនេះ។
គួរបញ្ជាក់ថា កាលពីខែមីនា ឆ្នាំ២០១២ កន្លងមកស្ថាប័នឥណ្ឌា (ASI) ដែលអភិរក្ស ជួសជុល ប្រាសាទតាព្រហ្មដោយសហការជាមួយ អាជ្ញាធរជាតិអប្សរា បានធ្វើកំណាយស្រាវជ្រាវប្រទះឃើញ ម្កុដ ឬភ្នួងសក់ធ្វើពីមាស ដែលជាវត្ថុសិល្បៈ មានតម្លៃដ៏កម្រនឹងជួបប្រទះ ក្នុងប្រវត្តិនៃសិល្បៈខ្មែរ។
ភ្លាមៗនោះ ស្ថាប័នឥណ្ឌានិងអាជ្ញាធរជាតិអប្សរា ក៏បានសិក្សា និងលាងសម្អាតតាម បច្ចេកទេសរបស់អ្នកអភិរក្សវត្ថុបុរាណក្រោមការដឹកនាំនិងចាត់ចែងផ្ទាល់របស់លោកអគ្គនាយក អាជ្ញាធរជាតិអប្សរា៕