រាជរដ្ឋាភិបាលកម្ពុជាផ្តល់អំណោយ១០ម៉ឺនដុល្លារដល់ប្រទេសនេប៉ាល់
នាង/សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៨ មេសា ២០១៥) ៖ ក្នុងសេចក្តី ជូនព័ត៌មានចុះថ្ងៃទី២៧មេសា របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាបាន បានផ្តល់អំណោយចំនួន ១០ ម៉ឺនដុល្លារអាម៉េរិកជាជំនួយសង្គ្រោះមនុស្សធម៌ដល់ជន រងគ្រោះ និងក្រុមគ្រួសារ ដែលមានសមាជិកបាត់ បង់ជីវិតដោយសារគ្រោះ មហន្តរាយធម្មជាតិដ៏សាហាវ នៅប្រទេសនេប៉ាល់។ [ អានបន្ត ]
ក្រសួងការបរទេសបានបន្តថា រាជរដ្ឋាភិបាលកម្ពុជាសង្ឃឹមថា វិភាគទានដ៏ស្តួចស្តើងនេះ នឹងរួមចំណែកជួយសម្រាលទុក្ខលំបាកមួយចំនួនដល់ ជនរងគ្រោះ ហើយសង្ឃឹមថា ក្រោមកិច្ចខិតខំប្រឹងប្រែងទាន់ពេលវេលារបស់ រដ្ឋាភិបាលនេប៉ាល់ ស្ថានភាពជនរងគ្រោះទាំងនោះនឹងវិលទៅរកភាពកាន់តែ ប្រសើរឡើងវិញនាពេលឆាប់ៗខាងមុខនេះ ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥ ប្រទេសនេប៉ាល់ បានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរពីការរញ្ជួយព្រះធរណីដ៏ខ្លាំង ដែលបានកើតឡើងនៅទីក្រុងកដ្ឋណ្ឌូ ហើយបានបណ្តាលឱ្យមនុស្សស្លាប់បាត់បង់ជីវិត និងរងរបួសរាប់ពាន់នាក់ ព្រម ទាំងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើនទៀតផង៕