បុណ្យចូលឆ្នាំចិន ៣ថ្ងៃគ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្ស ២១នាក់ របួស១៣១នាក់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៣ កុម្ភៈ ២០១៥ )៖ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហាញឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៏ផ្លូវគោក នៅទូទាំងប្រទេសក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥ បានកើតឡើងចំនួន៧៦លើក សម្លាប់មនុស្ស ចំនួន២១នាក់ និងរបួសធ្ងន់ និងស្រាលចំនួន ១៣១នាក់។
របាយការណ៍ដដែលបានបង្ហាញថា នៅថ្ងៃទី១៨ ខែកុម្ភៈ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង នៅទូទាំងប្រទេសចំនួន ១០លើក បណ្តាលឲ្យមនុស្ស ស្លាប់ចំនួន ០៥នាក់ របួសធ្ងន់ ០៥នាក់ និងរបួសស្រាល១១នាក់។
សម្រាប់ថ្ងៃទី១៩ ខែកុម្ភៈ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស ចំនួន ៣៤លើក បណ្តាលឲ្យមនុស្ស ស្លាប់ចំនួន ៩នាក់ របួសធ្ងន់ ៥៧នាក់ និងរបួសស្រាល ២៤នាក់ និងនៅថ្ងៃទី២០ ខែកុម្ភៈ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស ចំនួន ២២លើក បណ្តាលឲ្យមនុស្សស្លាប់ ចំនួន០៧នាក់ របួសធ្ងន់ ១៩នាក់ និងរបួសស្រាល ១៥នាក់។
តាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា៖ ចំនួនអ្នកស្លាប់ទាំង២១នាក់ ក្នុងពិធីបុណ្យចូលឆ្នាំចិន ឆ្នាំ២០១៥នេះ ត្រូវគេឃើញ ថាមានបានថយចុះគួរឲ្យកត់សម្គាល់ ដោយឆ្នាំ២០១៤ មានអ្នកស្លាប់ប្រមាណ ៤០នាក់ នៅឆ្នាំ២០១៣ មាន៦៣នាក់ និងនៅក្នុងឆ្នាំ២០១២ មានចំនួន៣៧នាក់៕