ភាពយន្តកម្ពុជា ដែលរកចំណូលបានច្រើនបំផុតប្រចាំឆ្នាំ ២០១៤
សារព័ត៌មាន Cambodia News/
អត្ថបទ៖ ហេង នាង/
ភ្នំពេញ (០៦ មករា ២០១៥)៖ នៅក្នុងឆ្នាំ ២០១៤ កន្លងមកនេះ គេអាចនិយាយបានថា ជាយុគសម័យមួយដែលវិស័យភាពយន្តកម្ពុជាទាំងភាគ និងដុំ ខ្នាតតូច ខ្នាតធំរីកលូតលាស់យ៉ាងខ្លាំង ហើយពីមួយខែទៅមួយខែតែងមានភាពយន្តខ្មែរចាក់បញ្ចាំងតាមរោងភាពយន្តជានិច្ច។
ជាមួយនឹងភាពរីករាយនៃការស្ទុះងើបឡើងវិញនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានធ្វើការវាយតម្លៃតាមភាពជាក់ស្តែងថា នៅក្នុងចំណោមភាពយន្តខ្មែរជាច្រើនភាពយន្តខ្មែរចំនួន ៦រឿង មកពីផលិតកម្ម ៤ ផ្សេងគ្នា អាចរកចំណូលបានខ្ពស់ជាងគេនៅឆ្នាំ ២០១៤ កន្លងមកថ្មីៗនេះ។
តាមរយៈទិន្នន័យដែលទទួលបានពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា មកទល់នឹងពេលនេះ ភាពយន្តខ្មែរចំនួនបីរឿងរកចំណូលបានខ្ពស់ក្នុងឆ្នាំ ២០១៤ ពោលគឺអាចរកចំណូលបានខ្ពស់ជាងគេ ក្នុងនោះមានរឿង ស្បែកគង់ រឿង 2brothers និងរឿង ក្រឡអីហ្នឹង
បើតាមការវាយតម្លៃពីរោងភាពយន្តធំៗ តែមិនទាន់អាចកំណត់ច្បាស់ ១០០ ភាគរយនោះ បានបង្ហើបឲ្យដឹងថា រឿង «អាព្រឿងងាប់ហើយ» រឿង «ខ្មោចអាសង្ហា» និងរឿង «អាចារ្យ ៣ សាសន៍» ជារឿងបន្តបន្ទាប់ដែលអាចរកចំណូលបានច្រើន។
យោងតាមទិន្នន័យរបស់ក្រសួង គណៈគ្រប់គ្រងរោងភាពយន្ត និងផលិតករភាពយន្តបានឲ្យដឹងថា ភាពយន្តចំនួន ៦ រឿងដែលអាចរកចំណូលបានខ្ពស់ក្នុងឆ្នាំ២០១៤ មាន រឿង ស្បែកគង់ ជាស្នាដៃផលិតរបស់ផលិតកម្ម Angkor Picture ភាពយន្ត រកចំណូលបានប្រមាណ ៣០ ម៉ឺនដុល្លារ សម្រាប់ទីផ្សារក្នុងស្រុក។
រឿងបន្ទាប់គឺរឿង 2brothers ជាវណ្ណកម្មរបស់ផលិតកម្ម LD Picture ដែលអាចរកចំណូលបានចន្លោះពី ២៥ ទៅជាង ៣០ ម៉ឺនដុល្លារ រឿងទី ៣ គឺ រឿង ក្រឡអីហ្នឹង ជាស្នាដៃផលិតរបស់ផលិតកម្ម LD Picture រកចំណូលចន្លោះពី ២៥ ទៅ ២៨ ម៉ឺនដុល្លារ។
រឿងទី៤ គឺរឿង អាព្រឿងងាប់ហើយ ជាវណ្ណកម្មរបស់ផលិតកម្ម មាតុចក្រហ្វីលម៍ សហការនឹងផលិតកម្ម មហាហង្ស។ រឿងនេះនៅមិនទាន់បញ្ចប់ការចាក់បញ្ចាំងនៅឡើយ តែអាចរកចំណូលបានជាង១០ម៉ឺនដុល្លារហើយ។
ចំណែកឯរឿង ខ្មោចអាសង្ហា ជាវណ្ណកម្មរបស់ផលិតកម្ម ភូមិពេជ្រភាពយន្ត និងរឿង «អាចារ្យបីសាសន៍» ស្នាដៃរបស់ផលិតកម្ម រ៉ុក រឿងទាំងពីរអាចរកចំណូលបានប្រហាក់ប្រហែលគ្នាប្រមាណខ្ទង់ជិត ១០ ម៉ឺនដុល្លារ។
ជាមួយនឹងការរីកលូតលាស់យ៉ាងខ្លាំងនូវ វិស័យភាពយន្តកម្ពុជា គេក៏សង្កេតឃើញផងដែរថា ការគាំទ្ររបស់ទស្សនិកជនក៏មានសន្ទុះកើនខ្លាំងគួរឲ្យកត់សម្គាល់ ហើយភាពយន្តខ្មែរមួយចំនួនធំបានទទួលការចូលទស្សនាច្រើនជារឿងខ្នាតធំនាំចូលពីបរទេសទៀតផង៕