ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កែប្រែការបើកប្រាក់គ្រប់ប្រភេទសម្រាប់មន្ត្រីរាជការ
សារព័ត៌មាន Cambodia News/
អត្ថបទ៖ ហេង នាង/
ភ្នំពេញ (៣១ ធ្នូរ ២០១៤) ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសារាចរណែនាំមួយដល់ក្រសួង ស្ថាប័ន មន្ទីរជំនាញ អាជ្ញាធរ គ្រឹះស្ថានសាធារណៈ រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គភាពពាក់ព័ន្ធទាំងអស់ ឲ្យកែប្រែការបើកប្រាក់ឧបត្ថម្ភ ប្រាក់បុព្វលាភ ប្រាក់បំណាច់សម្រាប់មន្ត្រីរាជការ ជាដើម ដោយបង្វែរចូលគណនីធនាគារផ្ទាល់ របស់មន្ត្រីរាជការទាំងនោះ ។
យោងតាមសារាចរណែនាំចុះនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៤ បានឲ្យដឹថា «ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមណែនាំ ដល់ក្រសួង ស្ថាប័ន មន្ទីរជំនាញ អាជ្ញាធរ និងអង្គភាពពាក់ព័ន្ធទាំងអស់ អនុវត្តការទូទាត់ចំពោះទឹកប្រាក់គ្រប់ប្រភេទ ដែលត្រូវបើក ឬទូទាត់ជូនមន្ត្រីរាជការ ដែលមានដូចជា បុព្វលាភ លាភការ ប្រាក់បំណាច់ ប្រាក់បេសកកម្ម ប្រាក់សង្គមកិច្ច ប្រាក់ឧបត្ថម្ភ ប្រាក់ម៉ោងបន្ថែម ជាដើម ដោយធ្វើការ បង្វែរ ត្រង់ចូល គណនីប្រាក់បៀរវត្ស របស់មន្ត្រីរាជការផ្ទាល់តែម្តង»។
តាមសារាចរណែនាំ បានឲ្យដឹងថា ការសម្រេចកែប្រែបែបនេះ គឺដើម្បីអនុតាមកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល និងផ្អែកលើបទពិសោធន៍ដ៏ល្អ និងមានប្រសិទ្ធភាពខ្ពស់ ក្នុងការបើកប្រាក់ជូនមន្ត្រីរាជការ តាមប្រព័ន្ធធនាគារ នៅទូទាំងប្រទេស ក្នុងរយៈកាលកន្លងមក ថាមានការងារស្រួលក្នុងការគ្រប់គ្រង។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់កំហិតដល់ក្រសួង ស្ថាប័ន មន្ទីរជំនាញ អាជ្ញាធរ និងអង្គភាពពាក់ព័ន្ធទាំងអស់ អនុវត្តមានសារាច រឲ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០១៤ តទៅ៕