ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីត្រូវបានសភាអនុម័ត
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៩ ធ្នូរ ២០១៤) ៖ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីត្រូវបានសភាអនុម័តហើយកាលពីថ្ងៃទី៥ ខែធ្នូរ ឆ្នាំ២០១៤ ចំពោះច្បាប់ថ្មីនេះផងដែរ ក៏មានមាត្រាមួយចំនួន និងផាកពិន័យចំពោះអ្នកដែលបើលបរក្នុងពេលស្រវឹងចាប់ពី ៨០ម៉ឺនរៀល រហូតដល់៤លានរៀល និងដាក់ពន្ធនាគារពី១ខែ ដល់៦ខែ ក្នុងករណីដែលបើកបរក្នុងពេលស្រវឹង ហើយបណ្តាលឲ្យមានមនុស្សស្លាប់នឹងផាកពិន័យពី៤លានរៀល រហូតដល់១៥លានរៀល និងមានទោសជាប់ពន្ធនាគារពី១ឆ្នាំ ដល់៣ឆ្នាំ។
ជាកាពិតណាស់នៅពេលដែលអ្នកបើកបរ បើកបរដោយស្រវឹងគឺអាចនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ច្រើនកើតឡើង ព្រោះនៅពេលបើកបរដោយស្រវឹងបានធ្វើឲ្យយើងបាត់បង់ស្មារតី ហើយអាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃផងដែរ
ជាការកត់សម្គាល់ក្នុងមួយថ្ងៃៗករណីគ្រោះថ្នាក់ចរាចរណ៍គឺមិនបានថយចុះនោះទេ ដូច្នេះហើយទើបរដ្ឋាភិបាលបានរៀបចំច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដើម្បីជួយកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍បានខ្លះ ហើយនៅក្នងច្បាប់ថ្មីនេះផងដែរក៏មានការផាកពិន័យក៏ដូចជាការដាក់ទោសទណ្ឌធ្ងន់ធ្ងរជាងមុន។
សេចក្តីព្រាងច្បាប់ចរាចរណ៍ផ្លូវគោកថ្មីមានការកំណត់យ៉ាងតឹងរឹង សម្រាប់អ្នកធ្វើដំណើរតាមទោចក្រយានយន្ត រថយន្ត និងមធ្យោបាយធ្វើដំណើរគ្រប់ប្រភេទ ដូចការកំណត់ឲ្យអ្នកធ្វើដំណើរតាមទោចក្រយានយន្ត ត្រីទោចក្រយានយន្ត ត្រូវពាក់ពួកសុវត្ថិភាពឲ្យបានគ្រប់គ្នាទាំងអ្នកបើកបរ ទាំងអ្នករួមដំណើរ ដោយទោចក្រយានយន្តមួយធ្វើដំណើរបានតែ ៣នាក់ប៉ុណ្ណោះបូករួមទាំងកូនក្មេង។
គួរបញ្ជាក់ផងដែរថា ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីត្រូវបានរដ្ឋាភិបាលរៀបចំឡើង និងត្រូវបានអនុម័តដោយរដ្ឋសភានៅថ្ងៃទី៥ ខែធ្នូរ ឆ្នាំ២០១៤ កន្លងទៅ នៅក្នុងច្បាប់ថ្មីនេះគឺមាន១២ជំពូក និង៩២មាត្រា ដោយមានសម្លេងឯកច្ឆន្ទ១០៣ លើ១០៦សម្លេង ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះត្រូវបានរដ្ឋសភាលើកយកមកពិភាគ្សា និងអនុម័តមួយជំពូកម្តងៗ ចាប់តាំងពីថ្ងៃទី១ ខែធ្នូរ រហូតដល់ថ្ងៃទី៥ ខែធ្នូរ ឆ្នាំ២០១៤៕