វិស័យ​សំណង់ ​រើក​ចំរើន​ខ្លាំង ​នៅ​រាជ​ធានី​ភ្នំពេញ ​រយៈ​ពេល​១០​ឆ្នាំង​ចុង​ក្រោយ​

សារព័ត៌មាន​​ Cambodia News​/

ភ្នំ​ពេញ (០៤ ធ្នូរ ២០១៤) ៖ ថ្លែងនៅ​ក្នុង​ពិធី​បើក​មហាសន្និបាត បូកសរុប​ការងារ​លើក​ទី​៣ និង​សម្ភោ​ធ​បើក​ការ តាំងពិព័រណ៍ ឧស្សាហកម្ម​សំណង់​កម្ពុជា នៅ​កោះ​ពេជ្រ នៅ ព្រឹក​ថ្ងៃទី​៣ ធ្នូ ឆ្នាំ​២០១៤ លោក ប៉ា សុជាតិ​វង្ស អភិបាល​នៃ​គណៈ អភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា រយៈពេល ១០​ឆ្នាំ​ចុង​ក្រោយនេះ វិស័យ​សំណង់ ក្នុង​រាជធានី​ភ្នំពេញ មានការ​រីកចម្រើន​យ៉ាងខ្លាំង​។

​លោ​កប៉ា សុជាតិ​វង្ស បន្តថា ​បច្ចុប្បន្ន រាជធានី​ភ្នំពេញ មាន​ផ្ទៃដី​សរុប ៦៧៨​គីឡូម៉ែត្រ​ការ៉េ ចែកចេញជា ១២​ខណ្ឌ និង​៩៦​សង្កាត់ មាន​ប្រជាជន​រស់នៅ អចិន្ត្រៃយ៍​ប្រមាណ​ជា ១,៦​លាន​នាក់ និង​មាន​ប្រជាជន​ស្នាក់នៅ បំរើ​ការងារ​ប្រមាណ ០៨​សែន​នាក់ ក្នុងនោះ​អត្រា កំណើត ៣,១៥% ក្នុង​មួយឆ្នាំ និង​មាន​ដង់ស៊ីតេ ប្រមាណ ២២៨៧​នាក់​ក្នុង ១​គីឡូម៉ែត្រ​ការ៉េ ។​ ​

នៅក្នុង​រយៈពេល ១០​ឆ្នាំ​ចុង​ក្រោយនេះ វិស័យ​សំណង់​ក្នុង រាជធានី​ភ្នំពេញ មានការ​រីកចម្រើន យ៉ាងខ្លាំង ដូចជា​ទីក្រុង​រណប អាគារ​ពាណិជ្ជកម្ម សំណង់​បុរី និង​ខុន​ដូ ត្រូវបាន​សាងសងឡើង ជា​បន្តបន្ទាប់​ដែលជា​រួម មាន​អាគារ​ខ្ពស់​ចំនួន ៣៨៧​អាគរ ក្នុងនោះ មាន​អគារ​កម្ពស់​ពី​០៥​ទៅ ០៩​ជាន់​មាន​ចំនួន ៣១០​អគារ​, អគារ​កម្ពស់​ពី​១០​ទៅ ១៩​ជាន់​មាន​ចំនួន ៦៧​អគារ ,​អគារ​កម្ពស់​ពី ២០​ទៅ​២៩ ជាន់​មាន​ចំនួន ៣​អគារ , អគារ​កម្ពស់​ពី ៣០​ទៅ​៣៩​ជាន់ មាន​ចំនួន ៥​អគារ និង អគារ​៤០​ជាន់ មាន​ចំនួន ១​អគារ ។​ ​

ក្រៅពីនេះ​ក៏មាន សំណង់​បុរី​មាន​ចំនួន ៧៤​កន្លែង ហើយ​នៅក្នុង​ឆ្នាំ ២០១៤​នេះ រាជធានី​ភ្នំពេញ មាន​គម្រោង​សាងសង់​ចំនួន ៣៧៦​គម្រោង លើ​ផ្ទៃដី​សរុប​៣.៣៨៧.៧៦៣ ម៉ែត្រ​ក្រឡា​ក្នុង​ទំហំ វិនិយោគ​ជាង​មួយ​ពាន់ លាន​ដុល្លារ៕

 

1

Related Articles

Back to top button
Close
Close