អង្គរក្សសារភាពពាក់ព័ន្ធក្នុងរឿងសម្លាប់ឧកញ៉ា
សារព័ត៌មាន Cambodia News/
ភ្នំពេញ (03 ធ្នូរ ២០១៤) ៖ សមត្ថកិច្ចបញ្ជូនជនសង្ស័យជាអង្គរក្សរបស់លោកឧកញ៉ា ថោង សារ៉ាត់ ចំនួន ៣នាក់ ដែលសង្ស័យជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មលើ លោកឧកញ៉ា អ៊ឹង ម៉េងជឺ ទៅកាន់សាលាដំបូងនៅថ្ងៃនេះដើម្បីធ្វើការសាកសួរបន្ថែមក្រោយពីជនសង្ស័យបានសារភាព។
មន្ត្រីប៉ូលិសម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានថ្លែងថា រហូតដល់ម៉ោងជិត ៨ យប់ម្សិលមិញប៉ូលិសបានសាកសួរចប់ហើយ ហើយនឹងបន្តកសាងសំណុំរឿងនេះទៅតុលាការដើម្បីធ្វើការសាកសួរបន្ថែមទៀត។
ប៉ូលិសរូបនោះបានថ្លែងបន្តថា៖ «តាមដែលមន្ត្រីប៉ូលិសសាកសួរបានបង្ហើបឲ្យដឹងថា ជនសង្ស័យ ២ នាក់ក្នុងចំណោម ៣ នាក់បានសារភាពហើយថា ពួកគេពិតជាមានការពាក់ព័ន្ធក្នុងការសម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ ប៉ុន្តែពួកគេពុំបានប្រាប់ថា អ្នកណានៅពីក្រោយនោះទេ»។
គួររំឭកថា លោកឧកញ៉ា អ៊ឹង ម៉េងជឺ អាយុ ៥៣ឆ្នាំ ជាថៅកែក្រុមហ៊ុនស៊ីម៉ង់ត៍ពេជ្រ និងជាប្រធានក្រុមហ៊ុន Shimmex Group ត្រូវខ្មាន់កាំភ្លើងជាឃាតករដៃឆៅបាញ់សម្លាប់កាលពីម៉ោង ៧:១៨ នាទី យប់ថ្ងៃ ទី២២ ខែវិច្ឆិកា ពេលចុះពី រថយន្តឡិចស៊ីស ៥៧០ ដើម្បីទៅទិញផ្លែឈើនៅហាងលក់ផ្លែឈើ ឡោ តិចសេង ផ្លូវ ២៧៤ សង្កាត់ទួលស្វាយ ព្រៃទី២ ខណ្ឌចំការមន៕