ប្តីជនជាតិកូរ៉េ សម្លាប់ប្រពន្ធ ខ្មែរ និងកូនក្នុងផ្ទៃ តាមរូបភាព គ្រោះថ្នាក់ ចរាចរណ៍ ព្រោះចង់បានលុយ ពីក្រុមហ៊ុនធានារ៉ាប់រង
សារព័ត៌មាន Cambodia News/
អត្ថបទ៖ ហេង នាង/
ភ្នំពេញ (២៨ វិច្ចិកា ២០១៤) ៖ ស្ថានទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ បានឲ្យដឹងថា កាលពី ថ្ងៃទី ២៣ ខែសីសហា ឆ្នាំ២០១៤ នៅ ប្រទេសកូរ៉េមានគ្រួសារមួយបានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យប្រពន្ធជាជនជាតិខ្មែរ ដែលមានផ្ទៃពោះ ៧ខែផងនោះស្លាប់នៅនឹងកន្លែងកើតហេតុ ហើយប្តីជាជនជាតិកូរ៉េរងរបួសស្រាល។
ក្រោយពេលកើតហេតុនគរបាលកូរ៉េបានធ្វើការស្រាវជ្រាវ រកមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ ហើយបានរកឃើញថា ប្តីជនជាតិកូរ៉េរូបនោះមានចរតនាសម្លាប់ប្រពន្ធជាជនជាតិខ្មែរ តាមរូបភាពជាគ្រោះថ្នាក់ចរាចរណ៍ ដើម្បីបានប្រាក់សំណងពីក្រុមហ៊ុនធានារ៉ាប់រងជីវិតរបស់ប្រពន្ធ ដែលមានចំនួនជិត៩លានដុល្លារអាមេរិក ។
យោងតាមប្រភពព័ត៌មានពី លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងថា ស្ត្រីខ្មែររងគ្រោះរហូតបាត់បង់ជីវិតនេះ មានឈ្មោះ អ៊ី ស៊ីឡែន មានស្រុកកំណើតនៅភូមិក្តល់លើ ឃុំទ្រា ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ហើយបានរៀបការជាមួយប្តីជនជាតិកូរ៉េនៅឆ្នាំ២០០៨ រហូតមកដល់ពេលនេះមានកូនស្រីមួយអាយុ៥ឆ្នាំ នៅថ្ងៃកើតហេតុកូនស្រីនោះមិនស្ថិតនៅក្នុងរថយន្តជាមួយឪពុកម្តាយទេ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានណែនាំស្ថានទូតកម្ពុជាឲ្យប្តឹងទាមទារសំណងជំងឺចិត្តជួនគ្រួសារសព និងសំណងសម្រាប់ចិញ្ចឹមកូនស្រីដែលនៅមានជីវិត ចំពោះករណីខាងលើនេះ លោកជំទាវ ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយទូរទស្សន៍ប្រទេសកូរ៉េល្បីមួយចំនួន គ្រោងធ្វើដំណើរមាកកម្ពុជាដើម្បីថត និងសម្ភាសន៍ គ្រួសារសព ស្ត្រីរងគ្រោះនៅខេត្តត្បូងឃ្មុំ នាពេលខាងមុខនេះ៕