ចំណូលពីប្រាសាទអង្គរវត្តឆ្នាំ២០១៤ មានចំនួន ៤៧.៣៨៧.៥០០ ដុល្លារ
សារព័ត៌មាន Cambodia News/
សៀមរាប (២៧ ខែវិច្ចកា ២០១៤) ៖ ការប្រមូលចំណូលតាមរយៈការលក់សំបុត្រ ចូលទស្សនាប្រាសាទអង្គរវត្តមានការកើនឡើងបើកគិតចាប់ឆ្នាំ២០១០ រហូតដល់ឆ្នាំ២០១៤ ខណៈដែលរយៈពេល ១០ខែនាឆ្នាំ២០១៤នេះ ចំណូលដែលប្រមូលបានមានចំនួន ៤៧.៣៨៧.៥០០ ដុល្លារអាមេរិក។
យោងតាមលិខិតរបស់អាជ្ញាធរអប្សរា ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ឱ្យដឹងថា ចំណូលបានមកពីការលក់ប័ណ្ណចូលទស្សនាប្រាសាទអង្គរវត្តនៅឆ្នាំ២០១០ មានចំនួន ៣៣.១១៣.៥០០ដុល្លារអាមេរិក ឆ្នាំ២០១១ មានចំនួន ៤២.១៨៥.៣០០ដុល្លារ ឆ្នាំ២០១២ មានមានចំនួន ៥១.៣១៩.១៨០ដុល្លារ និងឆ្នាំ២០១៣ មានចំនួន ៥៧.៦៨៧.៦៨០ដុល្លារអាមេរិក។
លិខិតដដែលឱ្យដឹងទៀតថា នៅក្នុងការប្រមូលចំណូលពីការលក់ប័ណ្ណចូលទស្សនាអង្គរនេះ អាជ្ញាធរអប្សរាបានប្រគល់សិទ្ធិទៅឱ្យក្រុមហ៊ុន សុខាអូតែល ជាអ្នកប្រមូលជំនួស ដោយមានចុះកិច្ចសន្យារៀងរាល់ ៥ឆ្នាំម្តង។
តាមប្រភពដដែលបញ្ជាក់ផងដែរថា តាមខ្លឹមសារកិច្ចសន្យារវាងអាជ្ញាធរអប្សរា និងក្រុមហ៊ុនសុខាអូតែល ចំណូលដុលពីការលក់ប័ណ្ណចូលទស្សនាអង្គរ ត្រូវបង់ពន្ធលើតម្លៃបន្ថែម(VAT ១០ %)បង្កើតមូលនិធិអភិរក្សនិងអភិវឌ្ឍតំបន់អង្គរ(១៥%)ដកចំណែករបស់ក្រុមហ៊ុន(១៥%)ហើយសល់ពីនោះ បង់ចូលថវិការដ្ឋទាំងស្រុង។
គួរបញ្ជាក់ផងដែរថា វិស័យទេសចរណ៍ក៍កំពុងរីកលូតលាស់ នឹងចូលរួមយ៉ាងសកម្មក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ និងកសាងអភិវឌ្ឍន៍ប្រទេសដោយបានផ្តល់ការងារ និងប្រាក់ចំណូលយ៉ាងច្រើនដល់ប្រជាពលរដ្ឋ និងយុវជនកម្ពុជាផងដែរ៕