បញ្ហាទាក់ទិននឹងគ្រោះថ្នាក់ចរាចរណ៍និងការងារផ្សេងៗទៀតនៅតាមដងផ្លូវជាតិលេខ៤
ថ្មីៗនេះ ដោយមានមតិខ្លះបានលើកឡើងពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលថាតែងតែមានការកើតឡើងជាញឹកញាប់ និងមានចំណុចជើងកបច្រើននោះ សារព័ត៌មាន ឃែមបូឌាញូស៍ និងសារព័ត៌មានយុវវ័យថ្មីបានជួបសម្ភាសលោក ជួន វ៉ាន់ឌន នាយកកិច្ចការធុរកិច្ចនៃក្រុមហ៊ុនអេហ្សិត នៅឯការិយារបស់លោក។ តើផ្លូវជាតិលោខ៤ពិតជាមគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេមែនទេ ហើយកត្តាអ្វីដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍នោះ?
បទសម្ភាស៍មានខ្លឹមសារទាំងស្រុងងដូចខាងក្រោម៖
ឃែមបូឌាញូស៍/យុវវ័យថ្មី៖ តើក្រុមហ៊ុនអេហ្សិតបានធ្វើអ្វីខ្លះដែលផ្តល់ប្រយោជន៏ដល់ផ្នែកសុវត្ថិភាព ចរាចរណ៏នៅតាមដងផ្លូវជាតិលេខ៤?
លោក ជួន វ៉ាន់ឌន៖ ក្រុមហ៊ុនអេហ្សិតរបស់យើងមានកិច្ចការជាច្រើនដែលបានបំពេញកន្លងមកដែលក្នុងនោះរួមមាន៖
- ពង្រីកផ្លូវ៤ជួរចាប់ពីតំបន់ភូមិសាស្រ្តរាជធានីភ្នំពេញឆ្ពោះទៅកាន់ទីរួមខេត្តកំពង់ស្ពឺ និងពង្រីកផ្លូវនៅតាមទីប្រជុំជនមានដូចជាទីរួមខេត្តកំពង់ស្ពឺពេជ្រនិល ទីប្រជុំជនវាលរេញ ទីប្រជុំជនស្មាច់ដែងដល់ឃ្លាំងលើនិងពង្រីកកំណាត់ផ្លូវខ្លីៗផ្សេងទៀតដូចជាភូមិសាស្រ្តដែលមានចរាចរមមាញឹកកំណាត់ផ្លូវកោង និងកំណាត់ផ្លូវដែលអាចបង្កគ្រោះថ្នាក់ចរាចរណ៍។
– អ៊ុតបេតុងកៅស៊ូមួយស្រទាប់បន្ថែមលើតួផ្លូវចាស់និងថែទាំជាប្រចាំលើតួផ្លូវរួមមាន៖ ជួសជុលស្នាមប្រេះលើតួផ្លូវផ្លូវស្រុតប៉ោងនិងរលក បំពេញចិញ្ចើមគ្រួសក្រហមធ្វើគ្រឹះផ្លូវ លុបគ្រលុកសំបុកមាន់អ៊ុតគំនូសផ្លូវនិងបំពាក់ផ្លាកសញ្ញាចរាចរណ៍បង្គោលសុវត្ថិភាពដូចជារបាំងដែកសុវត្ថិភាពដុំចំណាំងផ្លាតបង្គោលភ្លើងពញ្ញាក់អារម្មណ៍ដែលជាជាបរិក្ខារសុវត្ថិភាពនៅតាមដងផ្លូវ។
– ទប់ស្កាត់ការទន្រ្ទានកាន់កាប់ដីចំណីផ្លូវក៏ជាការសំខាន់ណាស់ដែរ។ ការអនុវត្តវិធានការរុះរើនិងទប់ស្កាត់រាល់ការបំពារបំពានទន្រ្ទានកាន់កាប់និងសាងសង់តូបលក់ដូរសំណង់ផ្ទះសំបែងក្បែរនិងតួផ្លូវដែលអាចបង្កឲ្យមានគ្រោះថ្នាក់ជាយថាហេតុ។
– អនុវត្តយន្តការត្រួតពិនិត្យជាប្រចាំ ដោយឃ្លាំមើលលើទម្ងន់ផ្ទុករបស់យានយន្ត ពិនិត្យបរិក្ខារសុវត្ថិភាពយានយន្តនិងល្បាតជាប្រចាំដើម្បីរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវនិងតាមទីប្រជុំជន។
– អប់រំផ្សព្វផ្សាយ ដោយសហការជាមួយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកកាកបាទក្រហម ព្រមទាំងអង្គការនានាដូចជាអង្គការCRYនិងអង្គការ Handicap ជាដើមដើម្បីចូលរួមក្នុងសកម្មភាពអប់រំផ្សព្វផ្សាយនានាលើការងារសុវត្ថិភាពចរាចរណ៍សម្រាប់អ្នកប្រើប្រាស់ផ្លូវថ្នល់។
ឃែមបូឌាញូស៍/យុវវ័យថ្មី៖ ក្រោយមានគ្រោះថ្នាក់ចរាចរស្ទួនគ្នាម្តងទៀតនៅតំបន់ផ្លូវចំណោតបិតត្រាងនិងនៅក្បែរចំណោតអូរត្រាវមកប្រជាពលរដ្ឋមួយចំនួនមានការខ្លាចរអារ ហើយបាននិយាយថា ផ្លូវជាតិលេខ៤គឺជាផ្លូវមានគ្រោះថ្នាក់ច្រើនជាងគេ ឬជា“តំបន់ជើងកប” នៃការឆក់យកជីវិតមនុស្ស។
តើលោកយល់យ៉ាងណាចំពោះការសរសេរបែបនេះ ហើយក្រុមហ៊ុនមានវិធានការយ៉ាងដូចម្តេចទៅនឹងបញ្ហានេះ?
លោក ជួន វ៉ាន់ឌន៖ នោះជាការយល់ឃើញរបស់បុគ្គលម្នាក់ៗតែសម្រាប់ខ្ញុំៗគិតថា អ្វីៗត្រូវតែសិក្សាស្វែងយល់ឲ្យបានស៊ីជម្រៅ និងផ្អែកលើទិន្ន័យជាផ្លូវការរបស់សមត្ថកិច្ចជំនាញ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមលើកយកទឡ្ហីករណ៍មួយចំនួនមកបង្ហាញដូចខាងក្រោម៖
- របាយការណ៍របស់ក្រសួងមហាផ្ទៃស្តីពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកសម្រាប់រយៈពេល៩ខែឆ្នាំ២០១៤បានបង្ហាញថាតាមបណ្តោយផ្លូវជាតិលេខ៤មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១៤៩ករណី ហើយបើប្រៀបធៀបជាមួយផ្លូវជាតិទាំង៨ខ្សែទៀតនៅក្នុងប្រទេស គឺផ្លូវជាតិលេខ៤ឈរនៅលំដាប់ថ្នាក់ទី៦។ ឯផ្លូវជាតិមានគ្រោះថា្នក់ចរាចរណ៍ខ្ពស់ជាងគេបំផុតនោះគឺផ្លូវជាតិលេខ៥ ដែលមានរហូតដល់៣៨៨ករណីក្នុងរយៈពេលដូចគ្នាខាងលើ។
-របាយការណ៍ស្តីពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកដែលបានបោះពុម្ពផ្សាយដោយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ ២០១៣ ក៏បានបង្ហាញដែរថាផ្លូវជាតិលេខ៤ត្រូវបានកំណត់ជាផ្លូវជាតិដែលមានចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរស្ថិតក្នុងលំដាប់ទី៤ក្នុងចំណោមបណ្តាផ្លូវជាតិទាំងអស់ ខណៈដែលផ្លូវជាតិលេខ៥លេខ៦និងលេខ៧មានចំនួនអ្នកស្លាប់ច្រើនជាងគេបំផុតក្នុងរយៈពេលបីឆ្នាំចុងក្រោយ(ឆ្នាំ២០១១-២០១៣) នេះ។ របាយការណ៍នេះក៏បញ្ជាក់ដែរថា បើគិតពីចំនុចជើងកបលើកំណាត់ផ្លូវជាតិលេខ៤ គឺមានទីតាំងតែ២កន្លែងប៉ុណ្ណោះក្នុងឆ្នាំ២0១១និង២0១២ហើយបានថយចុះមកត្រឹមតែ១ទីតាំងប៉ុណ្ណោះក្នុងឆ្នាំ២0១៣។ របាយការណ៍នេះក៏បានបង្ហាញដែរថា ផ្លូវជាតិលេខ៧ត្រូវបានចាត់ថ្នាក់ជាផ្លូវជាតិដែលមានចំនួនទីតាំងជើងកបច្រើនជាងគេរហូតដល់៨កន្លែងក្នុងឆ្នាំ២០១៣។
ជាលទ្ធផលនៃការអង្កេតវាយតម្លៃពីគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ពិសេសផ្អែកលើរបាយការណ៏បូកសរុបសម្រាប់រយៈពេល៩ខែឆ្នាំ២០១៤បានធ្វើសន្និដ្ឋានថាប្រមាណ៩៦% នៃគ្រោះថ្នាក់ចរចរណ៏បង្ករឡើងដោយកត្តាមនុស្ស ៣%ទៀតបណ្តាលមកពីកត្តាយានយន្តនិងកត្តាផ្លូវថ្នល់ប្រហែល ១%។
ការអនុវត្តរបស់ក្រុមហ៊ុន៖
អនុលោមតាមស្មារតីអង្គប្រជុំដែលដឹកនាំដោយឯកឧត្តមត្រាំអ៊ីវតឹករដ្ឋមន្រ្តីក្រសួងសាធារណៈការនិងដឹកជញ្ជូនកាលពីថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០១៤កន្លងទៅនេះអំពីករណីគ្រោះថ្នាក់ចរាចរតាមដងផ្លូវឯកឧត្តមបានដាក់ចេញផែនការសកម្មភាពសម្រាប់ដោះស្រាយដូចខាងក្រោម៖
– ការបំពាក់នូវបរិក្ខារសុវត្ថិភាព
– ពិនិត្យកែសម្រួលតំបន់ជើងកប
– ពិនិត្យយានយន្ត
– យន្តការគ្រប់គ្រងបទល្មើស
– កែប្រែឥរិយាបថអ្នកប្រើប្រាស់ផ្លូវថ្នល់
– កិច្ចការសង្រ្គោះបន្ទាន់
– ការគ្រប់គ្រងអ្នកបញ្ជាយានយន្ត
– ការគ្រប់គ្រងបណ្ណ័បើកបរ
ក្រុមហ៊ុនក្រុមហ៊ុនអេហ្សិតបានត្រៀមខ្លួនជានិច្ចក្នុងការចូលរួមគ្រប់សកម្មភាពឲ្យបានសមស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងរាល់វិធានការផ្សេងៗរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ ព្រមទាំងសេចក្តីណែនាំពីបែបបទបច្ចេកទេសនានាពីក្រសួងសាធារណៈការនិងដឹកជញ្ជូន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
ឃែមបូឌាញូស៍/យុវវ័យថ្មី៖ មានទស្សនៈខ្លះបានលើកឡើងថាផ្លូវកាន់តែស្អាតគ្រោះថ្នាក់កាន់តែច្រើននិងកាន់តែធ្ងន់ធ្ងរ។ តើលោកយល់យ៉ាងណាដែរពីទស្សនៈនេះ?
លោក ជួន វ៉ាន់ឌន៖ នៅពេលស្ថានភាពផ្លូវកាន់តែមានភាពងាយស្រួល អ្នកធ្វើដំណើរតែងមានទំនោរបើកលឿនដោយពុំសូវគិតគូរពីសុវត្ថិភាព។ បើយើងពិនិត្យមើលពីតថភាពបច្ចុប្បន្ន “ស្ថានភាពផ្លូវកាន់តែស្អាត អត្រាគ្រោះថ្នាក់ចរាចរណ៍កាន់តែខ្ពស់” អាចជាការលើកឡើងមួយដែលត្រឹមត្រូវ។
ក៏ប៉ុន្តែ បើធ្វើការវិភាគឱ្យបានស៊ីជំរៅជាងនេះទៅទៀត គ្រោះថ្នាក់ចរាចរណ៍ដែលកើតមានឡើងនៅលើស្ថានភាពផ្លូវកាន់តែល្អប្រសើរនោះ ភាគច្រើនបណ្តាលមកពីកត្តាមនុស្ស។ កត្តាសំខាន់ជាងគេគឺបណ្តាលមកពីការបើកបរមិនគោរពច្បាប់ចរាចរណ៍ ដែលក្នុងនោះរួមមានដូចជាការបើកបរលើសល្បឿនកំណត់ បើកបរទាំងមានជាតិស្រវឹញ រឺគ្រឿងញៀន ហើយមានពេលខ្លះពួកគាត់បានកេងផលចំណេញពីការបើកបរដោយមិនគិតពីសុវត្ថិភាព ដូចជាពន្លត់ម៉ាស៊ីនពេលចុះចំណោតបើកបរលើសកំរិតល្បឿនអតិបរិមាដើម្បីសន្សំសំចៃប្រេងនិងមិនបានយកចិត្តទុកដាក់លើការត្រួតពិនិត្យយានយន្តដូចជាកង់ ប្រព័ន្ធហ្វ្រាំងមុនពេលបើកបរជាដើម។ បើតាមតួលេខរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចណ៍ផ្លូវគោគបានបង្ហាញថាកត្តាមនុស្សបានបង្ករជាគ្រោះថ្នាក់ចរាចរណ៍រហូតដល់ទៅ៩៥ ភាគរយ កត្តាយានយន្ត និង កត្តាផ្លូវប្រមាណ ៥ ភាគរយ។
បន្ថែមពីនេះការបើកបរក្នុងស្ថានភាពផ្លូវល្អប្រសើរ និយាយឱ្យស្រួលផ្លូវស្អាត នោះ អាចទទួលបាននូវអត្ថប្រយោជន៍យ៉ាងច្រើន សំរាប់សេដ្ឋកិច្ចសង្គម។ ផលវិជ្ជមានទាំងនោះរួមមានការកាត់បន្ថយការចំណាយប្រតិបត្តិការយានយន្តដូចជា ការកាត់បន្ថយនៃការប្រើប្រាស់ប្រេងសាំង ចំណាយលើការសឹករិចរិលនៃសំបកកង់ ចំណាយក្នុងការជួសជុលថែរទាំ ជាដើម។ ផលវិជ្ជមានមួយទៀតគឺការចំណេញពេលវេលាបើកបរ ទាញចេញពីការកាត់បន្ថយការកកស្ទះចរាចរណ៍ ដែលនឹងធ្វើឱ្យអ្នកធ្វើដំណើរចំណាយពេលកាន់តែតិចក្នុងការធ្វើដំណើរ។
សរុបសេចក្តីមកដើម្បីបញ្ជៀសអោយបានគ្រោះថ្នាក់ចរាចរណ៍ជាអតិបរមារត្រូវតែមានការចូលរួមកែប្រែឥរិយាបថគោរពច្បាប់ចរាចរណ៍ពីសំណាក់អ្នកប្រើប្រាស់ផ្លូវថ្នល់និងអ្នកធ្វើអាជីវកម្មលើវិស័យដឹកជញ្ជូនតាមរយៈការពង្រឹងគុណភាពលើការងារគ្រប់គ្រងទាំងផ្នែកបច្ចេកទេសយានយន្តនិងធ្វើការអប់រំដល់អ្នកបើកបរអោយក្លាយជាអ្នកបើកបរអាជីពប្រកបដោយវិជ្ជាជីវៈ។ ទន្ទឹមនិងនោះដែរក៏ត្រូវមានយន្តការត្រួតពិនិត្យជាប្រចាំ និងពង្រឹងការអនុវត្តច្បាប់អោយបានម៉ឺងម៉ាត់៕ សុវណ្ណនាថ