អ្នកទោស៨២០នាក់ នឹងអាចត្រូវបានលើកលែងទោស និងបន្ធូបន្ថយទោស អំឡុងពេលបុណ្យអុំទូក
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៨ តុលា ២០១៤) ៖ មន្ត្រីក្រសួងយុត្តិធម៌បានដឹងនៅថ្ងៃនេះថា ក្រសួងមហាផ្ទៃ ដាក់ស្នើឲ្យក្រសួងយុត្តិធម៌ លើកលែងទោស និងបន្ឋូរបន្ថយទោសដល់ទណ្ឌិត៨២០នាក់ មកពី២០រាជធានី-ខេត្ត និងមន្ទីរកែប្រែធំទំាង៤ ដើម្បីដាក់ថ្វាយព្រះមហាក្សត្រសម្រេច អំឡុងពេលព្រះរាជពិធីបុណ្យអុំទូកអកអំបុក សំពះព្រះខែខាងមុខ។
លោក សុច សុផាន់ណារ៉ា ប្រធាននាយកដ្ឋាន កិច្ចការព្រហ្មទណ្ឌ ក្រសួងយុត្តិធម៌ បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន មុនកិច្ចប្រជុំ រវាងមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ នៅ រសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤ ថា ទណ្ឌិតដែលគណៈកម្មការថ្នាក់ក្រោម ដាក់ស្នើសុំមកហ្នឹងមាន ២០រាជធានី-ខេត្ត និងមណ្ឌលកែប្រែទាំង៤ គឺម១ ម២ ម៣ និងម៤ ដែលចំនួននេះ គ្រាន់តែដាក់មក ក្នុងការស្នើសុំទៅគណៈកម្មការថ្នាក់ជាតិក្នុងការពិនិត្យ និងសម្រេចដោយឈរលើគោលការណ៍ច្បាប់ និង ឯកសារពាក់ព័ន្ធដែលមានភ្ជាប់មកជាមួយ។
លោកបន្តថា ការលើកលែងទោស បានត្រួតពិនិត្យទៅលើទណ្ឌិតណាដែលមានការ កែប្រែនូវទោស កំហុសរបស់ខ្លួន ជាពិសេស ពួកគេអនុវត្តទៅតាមច្បាប់ដែលបានកំណត់។ កម្ពុជាក្នុងមួយឆ្នាំៗ បានធ្វើពិធីលើកលែងទោស និងបន្ឋូរបន្ថយទោសដល់ទណ្ឌិត ចំនួន ៣ដង គឺទី១-នៅថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ទី២-ពិសាខបូជា និងទីទី៣-ក្នុងព្រះរាជពិធី បុណ្យអុំទូក៕