ជំនឿប្រពៃណីប្រជាជនខ្មែរ ក្នុងពិធីបុណ្យ កាន់ បិណ្ឌ-ភ្ជុំបិណ្ឌ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៩ កញ្ញា ២០១៤) ៖ បិណ្ឌមានន័យថា ជាការប្រមូល ឬពូតឲ្យទៅជាដុំ ដូចជាបិណ្ឌបាត្រ គឺអាហារដែល ប្រមូលផ្តុំដាក់ក្នុង បាត្រ ។ ឯពាក្យភ្ជុំគឺធ្វើឲ្យប្រជុំគ្នា ឬធ្វើឲ្យជួបជុំគ្នា ។ ប្រជា រាស្ត្រខ្មែរបានឲ្យតម្លៃ និងសារៈសំខាន់ ទៅលើបុណ្យ ធំៗពីរ គឺបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ និងពិធីបុណ្យចូលឆ្នាំថ្មី ។
គេតែងតែនាំគ្នាទៅធ្វើ បុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ក្នុងទីវត្តអារាម ដែលត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃ១ រោច រហូតដល់ថ្ងៃ ១៥រោច ខែភទ្របទ ។ ក្នុងអំឡុង១៥ថ្ងៃនេះ គេតាំងចិត្តដាច់ខាត ត្រូវតែទៅវត្តឲ្យបានម្តង យ៉ាងតិចក្នុង ថ្ងៃណា មួយមិនអាច ខកខានបានឡើយ ទោះជាមានការ មមាញឹកឬក្រីក្រ លំបាកយ៉ាងណាក៏ដោយ ។ ពិសេសថ្ងៃ១៥រោច ជាថ្ងៃបង្ហើយគេហៅថា“ភ្ជុំបិណ្ឌ” ។
រឿងហេតុទាំងអស់នោះ ក៏ដោយសារគេមានជំនឿយ៉ាងមុតមាំ តាមសណ្តាប់ចាស់ៗ ដែលពោលណែនាំ និងធ្វើតៗ គ្នា ដោយអនុវត្តជារៀងរាល់ ឆ្នាំជាយូរមកហើយ។ ផ្នត់ជំនឿនោះគឺ គេមានមនោសញ្ចេតនានឹក គិតនិងអាណិត ចំពោះញាតិសណ្តានដែលបានចែកឋានទៅហើយមានមាតាបិតា ជីដូនជីតា បងប្អូនកូនចៅ ដែលដល់រដូវ អាច បានមកទទួលយកភោគផល។
ព្រោះអ្នកដែលចែកឋានទៅនោះ ខ្លះមានបាបកម្មត្រូវ ទៅសោយទុក្ខទោស នៅ ឋាននរក ប្រេតកើតក្នុងអបាយភូមិវេទនាណាស់។ ឋាននោះស្ថិតនៅជ្រៅឆ្ងាយ ពីឋានមនុស្សមិនអាចងើប មកបាន ឃើញពន្លឺព្រះអាទិត្យទេ គ្មានសំលៀកបំពាក់ គ្មានអាហារបរិភោគឡើយ ។ លុះដល់រដូវបុណ្យនេះ គេបានដោះ លែងឲ្យមកទទួលយកផល្លា និសង្ស ដែលញាតិសាច់ សាលោហិតធ្វើបុណ្យឧទ្ទិសឲ្យ។
ម៉្យាងទៀតគេខ្លាចអ្នក ទាំងអស់ នោះដាក់ប្រទេចបណ្តាសា ឲ្យគេហិន ហោច ប្រសិនបើដើរស្វែងរកគ្រប់៧វត្ត ហើយមិនឃើញសាច់ញាតិ ធ្វើបុណ្យបញ្ជូន កុសលឲ្យទេនោះ។ ជាមួយគ្នានេះដែរដែលគេមានក្តីសង្ឃឹមមួយទៀតថា អំពើកុសល ដែលគេមាន សទ្ធាបាន បរិច្ចាគឧទ្ទិស នោះនឹងងាកបែរមកឲ្យសព្វសាធុការពរ ហើយគេនឹងត្រូវបានទទួលវិញដែរ នូវសេចក្តី សុខនិង សេចក្តីចំរើន៕