ចៅអធិការវត្តចំប៉ាចារិ៍ ក្លែងខ្លួនចូលច្រៀងខារ៉ាអូខេ ផឹកស៊ីយ៉ាងសប្បាយ
សារព័ត៌មាន Cambodia News /
កណ្តាល (០៣ កញ្ញា ២០១៤) ៖ ភិក្ខុសង្ឃមួយអង្គដែលគេស្គាល់ច្បាស់ថា ជាចៅអធិការវត្តចំប៉ាចារិ៍ មានអាយុ៣៦ឆ្នាំ បានដោះស្បង់ចីវរលួចចូលច្រៀងខារ៉ាអូខេ នៅក្រុងតាខ្មៅ ក្នុងហាងឌីយ៉ាម៉ង់ ផាលេស ជាមួយមិត្តភក្តិបួននាក់ផ្សេងទៀត ត្រូវបាននគរបាលក្រុងតាខ្មៅ សហការជាមួយនគរបាលខេត្តចូលដល់ក្នុងបន្ទប់ ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី០២កញ្ញា នៅចំណុចខារ៉ាអូខេ ឌីយ៉ាម៉ង់ ស្ថិតនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ចៅអធិការវត្តដែលដោះស្បង់ចីវរ ចូលច្រៀងខារ៉ាអូខេ មានព្រះនាម សុង រតនៈ ភេទប្រុស ៣៦វស្សា បច្ចុប្បន្នគង់នៅវត្តចំប៉ាចារុ ស្ថិតក្នុងភូមិពពេល ឃុំពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាចៅអធិការវត្ត។
មុនពេលកើតហេតុជន ចៅអធិការវត្តរូបនេះ បានចេញមកពីវត្តជាមួយមិត្តភក្ដិ៤នាក់ទៀត ពេលចេញមកនោះគ្រងស្បង់ចីវរ និងបានចេញពីរថ្ងៃមកហើយ ។ នៅរសៀលថ្ងៃទី០២កញ្ញា បាននាំគ្នាជិះរថយន្តកាមរីបាឡែនពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2R-2221 មកចូលច្រៀងខារ៉ាអូខេ ឌីយ៉ាម៉ង់ផាលេស នៅក្រុងតាខ្មៅ ដោយស្លៀកពាក់ស៊ីវិល។
មន្ត្រីនគរបាលបានឱ្យដឹងថា ដោយមានការផ្ដល់ព័ត៌មានពីអ្នកភូមិអង្គពពេលមកនគរបាលក្រុងតាខ្មៅថា សង្ស័យចៅអធិការអង្គនោះមកក្រៅវត្តក្នុងអំឡុងចូលវស្សាទំនងមានស្រីញីក៏បានផ្ដល់ព័ត៌មានឱ្យនគរបាលខេត្តកណ្ដាល ហើយក៏មានការឃ្លាំមើលពីភិនភាគរថយន្តតាមសេចក្ដីរាយការណ៍ផង ក៏បានឃើញរថយន្តដូចគេរាយការណ៍មែនចូលទៅក្នុងខារ៉ាអូខេឌីយ៉ាម៉ង់ ផាលេស
ក្រោយមកមន្ត្រីនគរបាល បានសុំគោលការណ៍ពីថ្នាក់លើចូលទៅហៅសង្ឃក្លែងជាគ្រហស្ថនោះ និងក្រុមបនភឿន ខណៈពេលកំពុងច្រៀងរាំយ៉ាងសប្បាយកៀកកើយនៅក្នុងបន្ទប់មួយឈ្មោះភ្នំប្រុស។ពេលដែលសមត្ថកិច្ចចូលទៅនាំខ្លួននោះ សង្ឃជាចៅអធិការវត្តស្លៀកពាក់ខោអាវគ្រហស្ថតឺនុយយ៉ាងសង្ហា និងពាក់មួកកាតឹប ក្នុងសភាពស្រវឹងស្រឿងៗ៕