បុរស ៣នាក់ ផឹកស្រាបៀរត្រូវរង្វាន់ខ្សែ.កមាស យកទៅឲ្យប៉ូលិសជួយចែក
សារព័ត៌មាន Cambodia News/
បន្ទាយមានជ័យ (២៩ សីហា ២០១៤) ៖ កាលពីវេលាព្រលប់ថ្ងៃទី២៧ ខែសីហា បុរស៣នាក់បានកាន់ក្រវិលកំប៉ុងស្រាបៀរ ដែលពួកគេអះអាងថា ទិញស្រាបៀផឹកប៉ះចំ រង្វាន់ខ្សែ.កមាស ទៅប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ប៉ោយប៉ែត ដើម្បីឲ្យជួយធ្វើជាសាក្សី និងផ្ញើរក្រវិលកំប៉ុង ដែលត្រូវរង្វាន់នោះ នៅប៉ុស្តិ៍នគរបាល ព្រោះតែពួកគេមិនទុកចិត្តគ្នា ។
បុរសទាំង៣ខាងលើរួមមាន១.ឈ្មោះ ម៉ាក តុងលេង អាយុ៣៥ឆ្នាំ មុខរបររត់ម៉ូតូឌុប ២.ឈ្មោះ ចក់នៀ អាយុ៣៧ឆ្នាំ មុខរបររត់ម៉ូតូឌុប និង៣. ឈ្មោះ ស៊ីម ស៊ីនឿន អាយុ៤២ឆ្នាំ ជាអាជីវករលក់ដូរនៅផ្សាររុងក្លឿស្រុកអារញ្ញ ប្រទេសថៃដោយពួកគេទាំង៣នាក់មានទីលំនៅក្នុងភូមិជាមួយគ្នាគឺភូមិចាន់គិរី សង្កាត់និងក្រុងប៉ោយប៉ែត។
បុរសម្នាក់ក្នុងចំណោមបុរសបីនាក់បានឲ្យដឹងថា ខ្លួនជាអ្នកគាស់ក្រវឹលកំប៉ុងប៉ះចំរង្វាន់ប៉ុន្តែថវិការទិញស្រាបៀរយកមកផឹកជារបស់បុរស២នាក់ខាងលើរួមគ្នា បុរសទាំង៣និយាយថា ការផឹកស៊ីនេះបានទិញស្រា២ដង ដោយម្ដង១យួរ ស្មើនិង៦កំប៉ុង ជាប្រភេទស្រាបៀលីអូ ។
ពួកគេបន្តថា យួរទី១ មិនបានត្រូវរង្វាន់ទេ លុះយួរទី២ ទើបត្រូវរង្វាន់ ហើយដោយមិនទុកចិត្តគ្នាទើបនាំគ្នាទៅប៉ុស្តិ៍នគរបាល ដើម្បីឲ្យធ្វើសាក្សីថា ពេលបើកបានរង្វាន់នោះ ពេលណាចាំចែកគ្នា និងបានផ្ញើក្រវឹលកំប៉ុងដែលឈ្នះរង្វាន់នោះ នៅប៉ុស្តិ៍រដ្ឋបាលទៀតផង៕