ពង្រឹង​​​សមត្ថភាព​បន្តែម​ដល់​​​​មន្ត្រី​នាំ​ពាក្យ ​​និង​មន្ត្រីព័ត៌មាន​​របស់​ក្រសួង​រាជរដ្ឋាភិបាល

ដោយ សយ ដុល្លា

ភ្នំពេញ៖ នៅថ្ងៃទី១៨ កក្កដា ២០១២ មន្ត្រីអ្នកនាំពាក្យមកពីអង្គភាព និងស្ថាប័ននានារបស់រាជរដ្ឋាភិបាលបានទទួលការហ្វឹកហ្វឺនបំប៉នសមត្ថភាពបន្ថែមទៀតក្នុងរយៈពេល៣ថ្ងៃដើម្បីបំប៉នសមត្ថភាពក្នុងតួនាទីជាអ្នកនាំពាក្យដោយសុច្ចរិត និងត្រឹមត្រូវ ។ វគ្គហ្វឹកហ្វឺនបំប៉នសមត្ថភាពនេះរៀបចំដោយទីស្តីការគណៈរដ្ឋមន្ត្រីដែលមានការចូលរួមបើកដោយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី។

នៅក្នុងវគ្គហ្វឹកហ្វឺនបំប៉នសមត្ថភាពលោក ប្រាក់ សុខុន បាននិយាយថា ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសដែលបើកចំហរ និងផ្តល់សេរីភាពគ្រប់យ៉ាងក្នុងការផ្សព្វផ្សាយព័ត៌មាន និងទទួលបានព័ត៌មាន។ ព័ត៌មានប្រជាពលរដ្ឋមានសិទ្ធិសេរីភាពទទួលបានគឺមានគ្រប់បែបយ៉ាងតាមរយៈប្រព័ន្ធផ្សព្វផ្សាយដូចជា ទូរទស្សន៍ វិទ្យុ អ៊ីនធើណេត និងកាសែត។

លោកបានបន្តថា ទោះបីយ៉ាងណាព័ត៌មានទាំងនោះមិនមែនសុទ្ធតែជាព័ត៌មានល្អទាំងអស់នោះទេ ដូច្នោះអ្នកនាំពាក្យមានតួនាទីត្រូវផ្តល់ព័ត៌មានត្រឹមត្រូវសុច្ចរិតទាន់ពេលជូនប្រជាពលរដ្ឋឲ្យបានជ្រាបអំពីគោលជំហរ និងការដឹកនាំរបស់រាជរដ្ឋាភិបាល។

លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបបានឲ្យដឹងថា ក្រៅពីការបង្កើតឲ្យមានអ្នកនាំពាក្យតាមស្ថាប័ននានារបស់រដ្ឋាភិបាលដើម្បីផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋតាមរយៈអ្នកសារព័ត៌មានរាជរដ្ឋាភិបាលក៏បានបង្កើតឌឹប៉ាតឺម៉ង់ផ្សព្វផ្សាយ និងសារគមនាគមន៍នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មានដល់សិស្សនិស្សិត ដើម្បីឲ្យក្លាយទៅជាអ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈ និងការទទួលខុសត្រូវក្នុងអាជីពរបស់ខ្លួនក្នុងប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យសេរីផងដែរ។

មានវាគ្មិនជំនាញៗ ដែលក្នុងនោះក៏មានលោក ឆាយ សុផល និពន្ធនាយកសារព័ត៌មាន Cambodia News ផងដែរបានចូលរួមបង្ហាញពីបទពិសោធន៍ជាក់ស្តែងទាក់ទិននឹងមុខជំនាញនាំពាក្យ និងការការងារទំនាក់ទំនងដល់សិក្ខាកាម៕

Related Articles

Back to top button
Close
Close