និស្សិត ថៃ​២​នាក់​ជាប់​គុក ​ព្រោះ​សំដែង​ល្ខោន​ប្រមាថ​ព្រះ​មហាក្សត្រ

សារព័ត៌មាន​​ Cambodia News/

ថៃ (១៩ សីហា ២០១៤) ៖ យោងតាម​អង្គការ​សិទ្ធិមនុស្ស​ Human Rights Lawyers និស្សិតថៃ​​ទាំង២រូប ដែល​កំពុង​ជាប់ឃុំ​ រង​ការចោទប្រកាន់​​ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ​ថៃ ពួកគេ​ទាំង២​​ ​​មាន​អាយុ​២៣ឆ្នាំ និង​២៥ឆ្នាំ។

000_Hkg9780102_0កាលពី​ខែ​តុលា ​ឆ្នាំ​​២០១៣ ​និស្សិត​​​ទាំង២​ ​បាន​សំដែង​ល្ខោនមួយរឿង​ មាន​អត្ថន័យ​​​ទាក់ទង​នឹង​​​នយោបាយ។ ល្ខោន​នោះ​មាន​ចំណងជើង​ថា “គូដណ្តឹង​​​របស់សត្វ​​ចចក”។ ល្ខោន​នេះ​ បាន​​សំដែង​​​​នៅ​​​សកលវិទ្យាល័យ​​​ ថាមាសាត ក្រុង​បាងកក ​ដើម្បី​រំលឹកខួប​នៃ​ចលនា​បះបោរ​​និស្សិត​ ​ខែ​តុលា​ឆ្នាំ​​១៩៧៣។ ចលនា​បះបោរ​ឆ្នាំ​១៩៧៣ កាលណោះ ​ត្រូវបាន​​កងទ័ព​ថៃ​​បង្ក្រាប ​​​ដោយ​ប្រើ​ហិង្សា​បង្ហូរ​ឈាម។ 

អាជ្ញាធរ​​ថៃ ក្នុង​របប​សឹក​បច្ចុប្បន្ន ​បាន​ចាប់​ខ្លួន​​និស្សិត​អាយុ​២៣ឆ្នាំ កាលពី​ថ្ងៃ​សុក្រ​មុន ​ក្នុង​ពេល​កោះហៅ​រូបគេ​អៅយ​ទៅ​ជំរំ​ទាហាន​ខេត្ត​​ ខុន កែន ភាគខាងកើត។ ​​យោងតាម​​សមាគម​មេធាវី ​ការកោះហៅ​នៅ​ខេត្ត​នេះ សម្រាប់​សកម្មជន​ប្រឆាំង​រដ្ឋាភិបាល គឺ​ជា​ទំលាប់​ទូទៅ​ទៅហើយ តាំង​ពី​យោធា​ថៃ​ធ្វើរដ្ឋប្រហារ​ថ្ងៃ​២២ឧសភា​មក។ និស្សិត​មួយរូបទៀត អាយុ​២៥ឆ្នាំ ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន កាលពីថ្ងៃ​សៅរ៍ ​នៅ​អាកាសយានដ្ឋាន ពេល​​រូបគេ​កំពុង​ត្រៀម​ឡើង​​យន្តហោះ ទៅ​ធ្វើការ​នៅ​ប្រទេស​អូស្ត្រាលី។ ​

របប​សឹកថៃ​ដែល​កំពុង​គ្រប់គ្រង​ប្រទេស ក្រោយ​រដ្ឋប្រហារ​ថ្ងៃ​២២ឧសភា បាន​​ខិតខំ​ធ្វើខ្លួន​ជា​អ្នកការពារ​ព្រះមហាក្សត្រ​ ភូមិបុល អាឌុលយ៉ាដេ។ ​គេ​នៅ​ចាំបានថា កាលពី​ចុងខែ​កក្កដា តន្ត្រីករ​មួយរូប​ត្រូវបាន​តុលាការ​កាត់ទោស​អោយ​ជាប់គុក​១៥ឆ្នាំ​ ពីបទ​​​ប្រើពាក្យ​សំដី​ប្រមាថ​​​រាជា​ថៃ។ តាំង​ពី​​មាន​រដ្ឋប្រហារ​យោធា​មក ​រដ្ឋធម្មនុញ្ញ​​ទាក់ទង​នឹង​ការប្រមាថ​ព្រះ​មហាក្សត្រ​ ត្រូវបាន​គេ​សុំ​​អោយ​​ធ្វើកំណែទម្រង់​ឡើងវិញ។ ​អ្នកធ្វើការ​នៅ​​​មហាវិទ្យាល័យ​ជាន់ខ្ពស់​​ ​ដែល​បាន​​ទាមទារ​​អោយ​ជជែក​ពិភាក្សាបញ្ហា​នេះ ជាច្រើន​នាក់ ​ត្រូវបាន​​​កងទ័ព​ថៃ​កោះហៅ​​​​ និង​ឃុំខ្លួន​ទុក នៅ​ទីកន្លែង​​​ដ៏​អាថ៌កំបាំង៕

Related Articles

Back to top button
Close
Close