ស្ត្រីម្នាក់ និងកូនក្មេងម្នាក់បានសន្លប់ ក្រោយមានការរុញច្រានវាងអ្នកតវ៉ាមកពីខេត្តក្រចេះជាមួយសមត្ថកិច្ច
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៨ សីហា ២០១៤) ៖ នៅម៉ោងប្រមាណជិត១០ព្រឹក ថ្ងៃទី១៨ ខែសីហានេះ សមត្ថកិច្ច ខណ្ឌដូនពេញបានរារាំងប្រជាពលរដ្ឋខេត្តក្រចេះដែលឡើងមកតវ៉ានៅរាជធានីភ្នំពេញមិនអនុញ្ញាត្តិឲ្យមានការដង្ហែក្បួនទៅកាន់ផ្ទះលោកហ៊ុន សែននាយករដ្ឋមន្ត្រី ខណៈក្បួនអ្នកតវ៉ាបានឈប់នៅត្រឹង នៅនឹងកែងផ្លូវទៅផ្ទះលោកហ៊ុន សែន លើវិថីសុធារស កែងផ្លូវអគារចាស់ប៊ូឌីង។
ស្ត្រីម្នាក់ និងកូនក្មេងម្នាក់អាយុប្រហែល៣ឆ្នាំ ត្រូវបានសន្លប់នៅលើដៃម្តាយ ក្រោយមានការរុញច្រានជាមួយសមត្ថកិច្ច មកដល់ពេលនេះ បុគ្គលិកអង្គការសិទ្ឋិមនុស្សលីកាដូ ដែលចុះអង្គេតការ និងឃ្លាំមើល បានយករថយន្តមួយទៀតដឹកកូនក្មេងរងគ្រោះនោះទៅសង្គ្រោះហើយ។
ក្រោយមានការរុញច្រានរវាងអ្នកតវ៉ាមកពីខេត្តក្រចេះជាមួយសមត្ថកិច្ចកងសន្តិសុខខណ្ឌដូនពេញ បានចាប់កញ្ឆក់រូប លោកហ៊ុន សែន និងភរិយា ពីក្រុមអ្នកតវ៉ា និងបានហែករូបលោកហ៊ុន សែន និងភរិយា ចោលនៅចំពោះមុខអ្នកតវ៉ានូវ។
ការហែកចោលនេះ ត្រូវបានក្រុមអ្នកតវ៉ា ហួសចិត្ត និងបានចាត់ទុកថា ជាការប្រមាថដល់ថ្នាក់ដឹកនាំ។ តែយ៉ាងណាក៏ដោយ ក្រុមសន្តិសុខខណ្ឌមិនបាននិយាយអ្វីនោះទេ ក្រៅពីការហែករូបលោកហ៊ុន សែន និងភរិយាចោល៕