CPP និង CNRP រកឃើញបេក្ខភាពទី៩ នៃក្បាលម៉ាស៊ីន គ.ជ.ប
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៨ កក្កដា ២០១៤) ៖ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង លោក សម រង្ស៊ី សមាជិក នៃរដ្ឋសភា ទើបទទួលបានសុពលភាពបានថ្លែងអះអាងរួមគ្នាដោយទឹកមុខរីករាយថា បេក្ខភាពទី៩ នៃគណៈកម្មា ធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ត្រូវបានសំឡឹងឃើញហើយ ហើយក៏មានការឯកភាពគ្នាផងដែរ។
លោក ហ៊ុន សែន នាព្រឹកថ្ងៃ ទី២៨ ខែកក្កដា នេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំប្រគល់សុពលភាព សមាជិកសភាជូន លោក សម រង្ស៊ី បានថ្លែងទៅកាន់ក្រុមអ្នកព័ត៌មាន ថា បរិយាកាសនយោបាយនៅកម្ពុជាមានភាពល្អប្រសើរ បន្ទាប់ពីកិច្ចចរចាបញ្ចប់វិបត្តិកាលពីថ្ងៃទី២២ ខែកក្កដា កន្លងទៅនេះ។
ថ្លែងទៅកាន់ក្រុមអ្នកព័ត៌មាន លោក ហ៊ុន សែន បានបន្តថា វិបត្តិនយោបាយត្រូវបានបិទបញ្ចប់ទាំងស្រុងហើយ ហើយបេក្ខភាពទី៩ នៃសមាជិក គ.ជ.ប ក៏ត្រូវបានគណបក្ស ជាប់ឆ្នោតទាំងពីរសំឡឹងឃើញដែរ តែសុំលាក់អត្តសញ្ញាណសិន។
ចំពោះកាលបរិច្ឆេទចូលស្បថនៅក្នុងព្រះបរមរាជវាំង លោក សម រង្ស៊ី បានបញ្ជាក់ថា គណបក្សសង្រ្គោះជាតិ នឹង ជូនដំណឹងនៅថ្ងៃនេះ ឬអាចនឹងពេលឆាប់ៗនេះ៕