ក្រសួងអប់រំ ជូនដំណឹង កុំឲ្យ ចាញ់បោក ការធ្លាយវិញ្ញាសារ ប្រឡង
សារព័ត៌មមាន Cambodia News/
ភ្នំពេញ (២៨ កក្កដា ២០១៤) ៖ ខណៈការប្រឡង សញ្ញាប័ត្រ ទុតិយភូមិ(បាក់ឌុប) នឹងមកដល់នាពេល ឆាប់ៗខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តី ជូនដំណឹង ដោយអំពាវនាវដល់ សាធារណជន មាតា បិតា សិស្សានុសិស្ស កុំចាញ់បោក ការផ្សព្វផ្សាយ របស់ជនឆ្លៀតឱកាស ដើម្បីកេងរក ផលចំណេញ ឲ្យសោះ ពីការលេចធ្លាយ វិញ្ញាសារប្រឡង ។
សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងអប់រំពេលនេះ ធ្វើឡើងបន្ទាប់ពី គេសង្កេតឃើញថា ឲ្យតែពេល ជិតប្រឡងម្តងៗ បេក្ខជនហាក់ បីដូចជាឆ្លេឆ្លា រកវិញ្ញាសារបែកធ្លាយ ពួនប្តុំគ្នារក និង ថតចម្លងវិញ្ញាសារ ជាដើមជារៀងរាល់ឆ្នាំ ។
យោងតាម សេចក្តីជូនដំណឹងរបស់ ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី២៥ ខែកក្កដា បានឲ្យដឹងថា បច្ចុប្បន្ននេះ មានជនខិលខូច មួយចំនួន បានធ្វើវិញ្ញាសារគ្រប់មុខវិជ្ជា សម្រាប់ប្រឡង សញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ ដោយភូតកុហកថា ជាវិញ្ញាសារបែកធ្លាយ មុនពេលប្រឡង ក្នុងគោលបំណងលក់ ឬ ចែកចាយដើម្បី រកប្រាក់ចំណេញ ។
ដូច្នេះក្រសួងអប់រំ យុវជន និង កីឡា សូមអំពាវនាវដល់ សាធារណជន មាតាបិតា ឬអ្នកអាណាព្យាបាល និងសិស្សានុសិស្ស ទាំងអស់ មេត្តាប្រុងប្រយ័ត្នកុំ ឲ្យមានការភាន់ច្រឡំ ឬចាញ់បោកការផ្សព្វផ្សាយ របស់ជនឆ្លៀតឱកាស ដើម្បីកេងរកផល ចំណេញក្នុង សម័យប្រឡង សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ នេះឲ្យសោះ ។
ការប្រឡងបាក់ឌុបឆ្នាំសិក្សា ២០១៣-២០១៤ មានបេក្ខជនដាក់ពាក្យចំនួន ៩៣.៤៥៦ នាក់ មានបន្ទប់ ប្រឡងចំនួន ៣.៧៧៩ បន្ទប់ក្នុង ១៥៤ មណ្ឌលនៅ ទូទាំងរាជធានី-ខេត្ត ៕