គណបក្សទាំង២ នឹងរួមគ្នាបង្កើតក្រុមការងារ ៣ ដើម្បីធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ រដ្ឋសភា និងច្បាប់បោះឆ្នោត
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៥ កក្កដា ២០១៤) ៖ លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិនៅថ្ងៃទី២៥ កក្កដានេះ បានបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា នឹងរួមគ្នាបង្កើតក្រុមការងារចំនួន៣ ដើម្បីធ្វើការជាមួយគ្នា ទី១គឺក្រុមការងារធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ទី២ក្រុមការងារធ្វើវិសោធនកម្មបទបញ្ជផ្ទៃក្នុងរដ្ឋសភា និងទី៣ក្រុមការងារធ្វើវិសោធនកម្មលើច្បាប់បោះឆ្នោត។
ការឯកភាពគ្នាក្នុងការបង្កើតក្រុមការងារទាំង៣នេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា នៅព្រះបរមរាជវាំង ក្រោយបញ្ចប់ការចូលគាល់ព្រះមហាក្សត្រ កាលពីថ្ងៃទី២៤ កក្កដា។
យ៉ាងណាក៏ដោយ ទាក់ទងនឹងការបង្កើតក្រុមការងារទាំង៣នេះ វិទ្យុវាយោមិនបានសុំការបញ្ជាក់បន្ថែមពីមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាទេ ដោយទូរស័ព្ទចូល ប៉ុន្តែមិនមានអ្នកទទួល។
គួរបញ្ជាក់ថា ការបង្កើតក្រុមការងារទាំង៣ខាងលើនេះ ត្រូវបានលោកកឹម សុខា បញ្ជាក់ថា ដើម្បីពិភាក្សាលម្អិតទៅលើចំណុចព្រមព្រៀងទាំង៧ប្រការ ដែលគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជាបានឯកភាពគ្នា នៅក្នុងជំនួបចរចាកំពូលកាលថ្ងៃទី២២ កក្កដា៕