យន្តហោះម៉ាឡេស៊ី ធ្លាក់នៅអ៊ុយក្រែន ស្លាប់មនុស្សជាង ២៩០នាក់
សារព័ត៌មាន Cambodia News/
ម៉ាឡេស៊ី (១៨ កក្កដា ២០១៤) ៖ សារព័ត៌មាន BBC រាយការណ៍ថា យន្តហោះបានធ្វើដំណើរពីទីក្រុងAmsterdamប្រទេសហូឡង់ទៅកាន់ទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ី។យន្តហោះបានចាកចេញនៅពេលរសៀលថ្ងៃព្រហស្បតិ៍ ហើយរំពឹងថាដល់ប្រទេសម៉ាឡេស៊ីនៅព្រលឹមថ្ងៃសុក្រ។ អាកាសចរណ៍ឲ្យដឹងថា ពួកគាត់បានបាត់ទំនាក់ទំនងជាមួយយន្តហោះប្រហែលជា៥០គីឡូម៉ែត្រពីព្រំដែនរុស្ស៊ី-អ៊ុយក្រែន។ សេចក្តីរាយការណ៍ ឲ្យដឹងថាយន្តហោះធ្លាក់នៅភូមិមួយឈ្មោះថាGrabovo នៅក្នុងតំបន់កាន់កាប់ដោយពួកឧទ្ទាម ក្បែរព្រំដែនជាមួយប្រទេសរុស្ស៊ី។មិនមានសញ្ញាថាអ្នកធ្វើដំណើរនៅរស់នោះទេ។មន្ត្រីជំនាញសង្ស័យថាមានបាញ់មីស៊ីលទម្លាក់យន្តហោះនោះ តែមិនទាន់ច្បាស់ថាមូលហេតុអ្វីបានជាយន្តហោះធ្លាក់នោះទេ។
រដ្ឋាភិបាលអ៊ុយក្រែន និងក្រុមឧទ្ទាមបដិសេធការបាញ់ទម្លាក់យន្តហោះ។ អ្នកធ្វើដំណើរតាមយន្តហោះ មានជនជាតិហូឡង់ចំនួន១៥៤នាក់ អូស្ត្រាលី២៧នាក់ ម៉ាឡេស៊ី ២៣នាក់ ឥណ្ឌូនេស៊ី១១នាក់ អង់គ្លេស៦នាក់ អាល្លឺម៉ង់៤នាក់ ជនជាតិបែលហ្សិក៤នាក់ ជនជាតិហ្វីលីពីន៣នាក់ កាណាដា១នាក់ និងក្រុមការងារបើយន្តហោះម៉ាឡេស៊ី១៥នាក់។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak មានប្រសាសន៍ថាលោករន្ធត់នឹងសេចក្តីរាយការណ៍ថយន្តហោះMHធ្លាក់។ លោកប្រកាសឲ្យមានការស៊ើបអង្កេតជាបន្ទាន់។ ប្រទេសអង់គ្លេសបានកោះបើកកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាបន្ទាន់ ករណីធ្លាក់យន្តហោះនេះ។
នេះជាសោដនាដកម្មលើកទីពីរហើយសម្រាប់ប្រទេសម៉ាឡេស៊ីនៃការធ្លាក់យន្តហោះ។យន្តហោះMH-370ដឹកអ្នកដំណើរចំនួន២៣៩នាក់ បានបាត់ខ្លួនចាប់ពីព្រឹកព្រលឹមថ្ងៃទី៨មីនាឆ្នាំ២០១៤ រហូតមកដល់ពេលនេះ ខណៈវាហោះចេញពីទីក្រុងកូឡាឡាំពួរ ឆ្ពោះទៅទីក្រុងប៉េកាំង ប្រទេសចិន៕