ជាប់គុក ១៨ឆ្នាំ ដោយសារ ផ្ញើសំបុត្រ លាបម្សៅខ្ញែ ទៅកាន់លោក អូបាម៉ា
សារព័ត៌មាន Cambodia News/
ហួស្តុន (១៧ កក្កដា ២០១៤) ៖ ស្ត្រីម្នាក់រស់នៅរដ្ឋតិចសាស់ សហរដ្ឋអាម៉េរិក បានផ្ញើលិខិតមួយច្បាប់ដែលលាប ដោយម្សៅខ្ញែ ទៅកាន់លោកប្រធានាធិបតី សហរដ្ឋអាម៉េរិក បារ៉ាក់ អូបាម៉ា និង អតីតអភិបាល ក្រុងញូយ៉កលោក ម៉ៃឃើល ប៊្លូមប៊ើក ត្រូវបានតុលាការរដ្ឋកាត់ទោស ឲ្យជាប់ពន្ធនាគាររយៈ ១៨ឆ្នាំ។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា នេះថា ស្ត្រីខាងលើនេះមានឈ្មោះ សានណុន ហ្គែស រីឆាដសុន មានមុខរបរជាតួសម្តែង និង មាន កូនប្រុសស្រីចំនួន ៦នាក់ ត្រូវបានព្រះរាជអាជ្ញាអាម៉េរិក ម៉ៃឃើក ស៊ែដឺ ជាមួយនឹងចៅក្រម ផ្សេងៗទៀតសម្រេច ទោសឲ្យនាងជាប់ពន្ធនាគាររយៈពេល ១៨ឆ្នាំ។
គួរបញ្ជាក់ថានាង សានណុន វ័យ ៣៦ឆ្នាំ ត្រូវបានតុលាការចោទប្រកាន់ កាលពីខែធ្នូ កន្លងទៅនេះ ពីបទព្យាយាមផលិត និង អភិវឌ្ឍន៍សារធាតុ ជីវសាស្ត្រដើម្បីបង្កើតជាអាវុធជាតិផ្ទុះ។ នាងត្រូវបានចាប់ខ្លួន កាលពីខែមិថុនា ឆ្នាំមុន នៅពេលដែលនាងផ្ញើលិខិតមួយច្បាប់ ទៅកាន់លោក អូបាម៉ា និង លោក ប៊្លូមប៊ឺក ហើយជាងនេះទៅទៀត ក៏ទៅកាន់ក្រុមគ្រប់គ្រងអាវុធជាតិផ្ទុះ នៃរដ្ឋធានីវ៉ាស៊ីនតោនផងដែរ។ ចំពោះលិខិតដែល នាងផ្ញើនោះ ទំនងជាមានអត្ថន័យ ប្រឆាំងទៅនឹងច្បាប់គ្រប់គ្រងអាវុធ របស់សហរដ្ឋអាម៉េរិក ដែលបានបង្កការសម្លាប់រង្គាល យ៉ាងអណាធិបតេយ្យ ក្នុងសង្គមកន្លងមក៕