ព្រះរាជពិធីដង្ហែ ព្រះបរមអដិ្ឋ ព្រះបរមរតនកោដ្ឋ កំពុងប្រព្រឹត្តទៅ យ៉ាងរលូន
សារព័ត៌មានយុវវ័យថ្មី/
ភ្នំពេញ (១១ កក្កដា ២០១៤) ៖ ដូចការគ្រោងទុក ប្រជាពលរដ្ឋ និងមន្រ្តីរាជការប្រមាណជា ២ម៉ឺននាក់ បានមកជួបជុំគ្នា ដោយកំពុងតែដង្ហែព្រះអដ្ឋិ ព្រះបរមរតនកោដ្ឋនៅ តាមបណ្តោយផ្លូវមួយចំនួន ជុំវិញព្រះបរមរាជវាំង នៅម៉ោង ៧៖៣០នាទីព្រឹកថ្ងៃទី១១ ខែកក្កដាឆ្នាំ២០១៤នេះ។
ព្រះរាជពិធីដង្ហែ និងតម្កល់ ព្រះបរមអដ្ឋិ ទីតាំងនៅ ព្រះចេតិយ នៃបរិវេណព្រះវិហារព្រះ កែវមរកត សម្រាប់ ប្រារព្ធព្រះរាជពិធីបុណ្យ ទៅតាមព្រះរាជ ប្បវេណីជាតិ និងពិធីសាសនា ។ ក្នុងរយៈពេល ១ ថ្ងៃនៃការតម្កល់ ព្រះបរមអដ្ឋិ ព្រឹក ថ្ងៃ យប់ មានកម្មវិធីសាសនា កម្មវិធីគោរពព្រះវិញ្ញាណក្ខន្ធ កម្មវិធីបាញ់កាំជ្រួច និងមានកម្មវិធី បាញ់កាំ ភ្លើងធំនៅពេលដង្ហែ និងបញ្ចុះព្រះបរមអដ្ឋិ។
ការដង្ហែ ព្រះបរមអដ្ឋិ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា «ព្រះបរមរតនកោដ្ឋ» បានមកដល់វិមានឯករាជ្យហើយ នៅម៉ោងប្រមាណជា ៨និង១៩នាទី ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៤នេះ ។ ក្នុងពេលក្បួនមកដល់វិមានឯករាជ្យ ព្រះសង្ឃជាង ៩០អង្គសូត្រមន្ត ដើម្បីឧទ្ទិកុសលទៅដល់ ព្រះបរមរតនកោដ្ឋ។
ក្បួនដង្ហែព្រះបរមអដ្ឋិ ព្រះបរមរតនកោដ្ឋ បានបញ្ចប់សកម្មភាពដង្ហែហើយ បន្ទាប់ពីបានមកដល់ ព្រះវិហារព្រះកែវមរកត ក្នុងព្រះបរមរាជវាំង ហើយក្បួនដង្ហែព្រះបរមអដ្ឋិបានរំសាយ៕