អាជ្ញាធរចិនឃុំខ្លួនអ្នកនេសាទវៀតណាម ៦នាក់ នៅសមុទ្រចិនភាគខាងត្បូង
សារព័ត៌មាន Cambodia News/
ចិន (០៧ កក្កដា ២០១៤) ៖ អាជ្ញាធរចិនបានចាប់ឃុំខ្លួនអ្នកនេសាទវៀតណាមចំនួន៦នាក់ដែលជាចលនាមួយបង្កឲ្យមានភាពតានតឹងជាថ្មីម្ដងទៀតនៅសមុទ្រចិនភាគខាងត្បូងខណៈវៀតណាមគំរាមប្ដឹងចិនទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ។
អាជ្ញាធរប្រទេសវៀតណាមនិយាយថា អ្នកនេសាទទាំង៦នាក់នោះត្រូវបានអាជ្ញាធរចិនចាប់ឃុំខ្លួននៅក្នុងតំបន់ជម្លោះកាលពីថ្ងៃសៅរ៍ ដែលនៅទីនោះប្រទេសទាំងពីរកំពុងប្រឈមមុខគ្នាយ៉ាងខ្លាំងដោយសារតែចិនខួងយកអណ្ដូងប្រេងកាតនៅតំបន់ជម្លោះនោះ។
ប្រទេសចិន អះអាងថាអ្នកនេសាទវៀតណាមទាំងនោះបានចូលមកដែនទឹករបស់ប្រទេសចិននៅប្រជុំកោះហៃណាំ ដែលជាតំបន់សមុទ្រចិនភាគខាងត្បូង។
ទោះជាយ៉ាងណាប្រទេសទាំងពីរ កំពុងចោទដាក់គ្នាទៅវិញទៅមកថាទីនោះគឺជាដែនដីរបស់ខ្លួនហើយវៀតណាមគំរាមប្ដឹងចិនទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ។
មិនទាន់មានប្រតិកម្មភ្លាមៗ ពីប្រទេសវៀតណាមចំពោះអាជ្ងាធរចិន ដែលចាប់ខ្លួនអ្នកនេសាទវៀតណាមទាំង៦នាក់នេះនោះឡើយ។
បើតាមទីភ្នាក់ងារសារព័ត៌មានAFP គឺចិនថែមទាំងរឹបអូសយកទូករបស់អ្នកនេសាទទាំងនោះទៀតផង។អ្នកនាំពាក្យក្រសួងការបរទេសចិន និយាយថាទូកនេសាទនោះពិតជាត្រូវបានរឹបអូសមែនដោយសារតែចូលមកដែនទឹករបស់ចិនដោយខុសច្បាប់៕