យុវវ័យ នឹង គ្រឿងស្រវឹង
សារព័ត៌មាន Cambodia News/
ភ្នំ ពេញ (០៧ កក្កដា ២០១៤) ៖ ប្រជាជនខ្មែរ ៥៣ ភាគរយចូលចិត្តសេពស្រាស (spirit) ៤៦ ភាគរយស្រាបៀរ និង១ភាគរយគឺស្រាក្រហម ហើយអត្រានៃការសេពគ្រឿងស្រវឹងក្នុងប្រទេសកម្ពុជាបានកើនឡើងជា លំដាប់ដល់សព្វថ្ងៃ។ នេះបើយោងតាមរបាយការណ៍អង្គការសុខភាពពិភពលោកឆ្នាំ២០១៤។
យោងតាម របាយការណ៍ដដែល បានបង្ហាញថា អត្រានៃការសេពគ្រឿងស្រវឹងនៅកម្ពុជាបានកើនឡើងតាំងពីទសវត្សរ៍ទី ៩០ មក។ ជាក់ស្តែង កម្រិតនៃគ្រឿងស្រវឹងជាមធ្បមប្រចាំឆ្នាំសម្រាប់ប្រជាជនកម្ពុជា ទូទៅដែលមានអាយុ១៥ឆ្នាំឡើង (Alcohol per capita, 15+ consumption in litres of pure alcohol) គឺម្នាក់ទទួលទាន ៥,៥ លីត្រក្នុងមួយឆ្នាំ (២០០៨-២០១០) ក្នុងនោះបុរសទទួលទាន ៩,៦ លីត្រ ចំណែកឯស្រ្តីមានចំនួន ១,៧ លីត្រក្នុងមួយឆ្នាំ។
ស្ទើរ គ្រប់កម្មវិធី ឬឱកាសជួបជុំជាមួយញាតិមិត្ត និងមិត្តភក្ដិតាមភោជនីយដ្ឋានឬអាហារដ្ឋាននានានៅកម្ពុជា យើងអាចសង្កេតឃើញភាគច្រើនជាបុរសទទួលទានសុរា។
ទោះបីជាយ៉ាងណា ក៏ដោយចំនួនយុវវ័យប្រុស ស្រីសេពគ្រឿងស្រវឹងមានការកើនឡើងគួរឲ្យកត់សម្គាល់ដែរ បើទោះបីជាស្រ្តីដែលទទួលទានសុរាហាក់ដូចជាមិនទាន់ទទួលបានការ លើកទឹកចិត្តពីសង្គមខ្មែរនៅឡើយទេជាពិសេសទាក់ទងនឹងបញ្ហាវប្បធម៌។
គួរ ឲ្យកត់សម្គាល់ថា អ្នកលេងហេ្វសប៊ុកក៏បានបង្ហោះរូបភាពយុវតីក្នុងសម្លៀកបំពាក់ជា សិស្សវិទ្យាល័យអង្គុយផឹកស្រាបៀរជាមួយមិត្តភក្ដិ ហើយពួកគេក៏ទទួលបានការរិះគន់យ៉ាងចាស់ដៃ និងមានមតិមិនពេញចិត្តចំពោះទង្វើរបស់ពួកគេជាច្រើនទៀត។ ភាគច្រើនពួកគេលើកឡើងថា ការផឹកស្រា ឬគ្រឿងស្រវឹងធ្វើឲ្យខូចកិត្តិយសជាស្រី្តខ្មែរ និងធ្វើឲ្យអាប់ឱនសីលធម៌សង្គមខ្មែរផងដែរ៕