កំណើន​​សេដ្ឋកិច្ច​ចិន​​មាន​លំនឹង​ភាព​​ឡើងវិញ​​

សន្ទុះ កំណើនសេដ្ឋកិច្ចចិននឹងមានលំនឹងភាពឡើងវិញ ក្រោយពីបានស្គាល់ការថមថយនៅឆមាសទី១ឆ្នាំ២០១២។ នេះជាការប្រមាណរបស់អ្នកជំនាញការសេដ្ឋកិច្ចស្និទ្ធនឹងរដ្ឋាភិបាល ដែលបានថ្លែងប្រកាសមុនការផ្សព្វផ្សាយឲ្យដឹងពីតួលេខសំខាន់ៗរបស់ សេដ្ឋកិច្ចចិន។

នៅត្រីមាសទីមួយនិងត្រីមាសទីពីរឆ្នាំ២០១២កន្លងទៅ សន្ទុះកំណើនសេដ្ឋកិច្ចចិនបានស្គាល់ការថយស្រុតចុះ ហើយនៅត្រីមាសទីបីនិងត្រីមាសទីបួន សន្ទុះកំណើនសេដ្ឋកិច្ចចិននឹងចាប់មានលំនឹងភាពឡើងវិញ”។ នេះជាការថ្លែងឲ្យដឹងនាឱកាសសន្និសីទកាសែតដោយលោក Yu Bin អគ្គនាយកដ្ឋានម៉ាក្រូសេដ្ឋកិច្ចនៃមជ្ឈមណ្ឌលស្រាវជ្រាវអភិវឌ្ឍន៍។

លោក Yu Bin បានថ្លែងឲ្យដឹងទៀតថា “នៅត្រីមាសទីមួយឆ្នាំ២០១២ គេសង្ឃឹមថា អត្រាកំណើនសេដ្ឋកិច្ចអាចមានប្រមាណ៨%”។ ហើយនៅទីបំផុត អត្រាកំណើនសេដ្ឋកិច្ចចិននៅត្រីមាសទី១ឆ្នាំ២០១២មាន៨,១%ទល់នឹង៩,២% នៅត្រីមាសទី១ឆ្នាំ២០១១ ហើយនិង១០,៤%នៅត្រីមាសទី១ឆ្នាំ២០១០។

គួរកត់សម្គាល់ថា តួលេខជាផ្លូវការនៃកំណើនសេដ្ឋកិច្ចចិននៅត្រីមាសទី២ឆ្នាំ២០១២នឹង ត្រូវគេប្រកាសឲ្យដឹងនៅថ្ងៃសុក្រខាងមុខនេះ។ ហើយសន្ទុះកំណើនសេដ្ឋកិច្ចចិនដែលបានធ្លាក់ស្រុតចុះក៏ដោយហេតុតែ កំណើនវិនិយោគបានស្រុតចុះ ពីព្រោះតែការនាំចេញជួបនឹងបញ្ហាលំបាក បង្កឡើងដោយវិបត្តិសេដ្ឋកិច្ចនៅអឺរ៉ុប។

ទោះបីជាការនាំចេញនិងការនាំចូលរបស់ប្រទេសចិនស្គាល់ការថយចុះក៏ដោយ ក៏សំណល់ផលពាណិជ្ជកម្មចិននៅតែមានកម្រិតខ្ពស់ ពោលគឺបានកើនឡើងដល់៦៨,៩២ពាន់លានដុលា្លរនៅឆមាសទី១ឆ្នាំ២០១២ បានសេចក្តីថាកើនឡើងបាន៥៦,៤%បើប្រៀបផ្ទឹមទៅនឹងរយៈកាលដដែលនៅ ឆ្នាំ២០១១។

មូលហេតុដែលនាំឲ្យសន្ទុះកំណើនសេដ្ឋកិច្ចចិនធ្លាក់ចុះ គឺបណ្តាលមកពីការបោះទុនធ្វើវិនិយោគនៅក្នុងប្រទេសចិនបានស្គាល់ការ ធ្លាក់ស្រុតចុះខ្លាំង។

ចំណែកឯការបោះទុនធ្វើវិនិយោគនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធបាន ស្គាល់ការស្ទុះកើនឡើងយ៉ាងខ្លាំងក៏ពីព្រោះតែមានវិបត្តិហិរញ្ញវត្ថុ នៅឆ្នាំ២០០៨ ហើយក៏ដោយសារតែមានផែនការជួយជំរុញរបស់រដ្ឋាភិបាលចិន។ លោកនាយករដ្ឋមន្ត្រីចិន វិន ជាប៉ាវ បានថ្លែងឲ្យដឹងនៅសប្តាហ៍នេះថា “ធ្វើឲ្យកំណើនសេដ្ឋកិច្ចចិនមានលំនឹងភាពនៅពេលនេះគឺជាកាតព្វកិច្ច មួយដ៏ចាំបាច់បន្ទាន់សម្រាប់ប្រទេសចិន”៕ (RFI)

Related Articles

Back to top button
Close
Close