ហានស៊ីរីនិងអ្នកបះបោរប្រឆាំងបាស្ហារអាល-អាស្សាដឈានដល់ដំការប្រយុទ្ធរវាងទាណាក់ការមួយថ្មី

ការប្រយុទ្ធគ្នាដ៏ហិង្សារវាងក្រុមអ្នកបះបោរនិងទាហានស៊ីរីឈានចូលដល់សង្កាត់តាដាមូននៃរដ្ឋធានីដាម៉ាសថ្ងៃទី១៥កក្កដាឆ្នាំ២០១២

ការ ប្រយុទ្ធគ្នាដ៏ហិង្សារវាងក្រុមអ្នកបះបោរនិងទាហានស៊ីរី
ឈានចូលដល់សង្កាត់តាដាមូននៃរដ្ឋធានីដាម៉ាសថ្ងៃទី១៥
កក្កដាឆ្នាំ២០១២

ពួកអ្នកបះបោរប្រឆាំងនឹងអំណាចផ្តាច់ការរបស់ប្រធានាធិបតី ស៊ីរីបាស្ហារអាល-អាស្សាដបានប្រកាសឲ្យដឹងនៅល្ងាចថ្ងៃចន្ទម្សិលមិញថា ពួកគេរៀបចំ បង្កើត “បេសកកម្មយោធាទ្រង់ទ្រាយធំមួយ” ដែលមានឈ្មោះថា “ភ្នំភ្លើងនៃទីក្រុងដាម៉ាសឬការរញ្ជួយដីនៅស៊ីរី”ជាលើកទីមួយនៅប្រទេសស៊ីរីចាប់តាំងពី មានការបះបោរប្រឆាំង ទល់នឹងអំណាចផ្តាច់ការបាស្ហារអាល-អាស្សាដនៅខែមីនាឆ្នាំ២០១១មក ដែលការវាយប្រយុទ្ធគ្នាដ៏សែនហិង្សា រវាងក្រុមអ្នកបះបោរនិងទាហានស៊ីរី បានឈានចូលដល់ក្នុងរដ្ឋធានីដាម៉ាស។

មូលហេតុនេះហើយដែលបានធ្វើឲ្យគេថ្លែងថា “ការប្រយុទ្ធរវាងទាហានស៊ីរីនិងអ្នកបះបោរប្រឆាំងបាស្ហារអាល-អាស្សាដ ឈានដល់ដំណាក់ការមួយថ្មី”។ នៅល្ងាចថ្ងៃចន្ទទី១៦កក្កដាម្សិលមិញ ក្រុមអ្នកបះបោរប្រឆាំងស៊ីរីបាននាំគ្នាធ្វើការវាយប្រយុទ្ធមួយដែលមាន ទ្រង់ទ្រាយធំ ហើយដែលពួកគេ បាន ឲ្យ ឈ្មោះថា “ភ្នំភ្លើងនៃទីក្រុងដាម៉ាសឬការរញ្ជួយដីនៅស៊ីរី”។ ពួកអ្នកបះបោរស៊ីរីបានប្រកាសអំពាវនាវឲ្យធ្វើការវាយប្រយុទ្ធសម្រុក មួយនៅទូទាំងប្រទេស ទៅលើប៉ុស្តិ៍សន្តិសុខ ក៏ដូចជាទៅលើទីកន្លែងត្រួតពិនិត្យរបស់ប៉ូលិសនិងទាហាន។ កងកម្លាំងស៊ីរីសេរីចង់ផងទៀតធ្វើការកាត់ផ្តាច់ផ្លូវគមនាគមន៍ អន្តរជាតិ ដើម្បីកាត់ផ្តាច់ផ្លូវដែលផ្តល់ស្បៀងអាហារឲ្យរដ្ឋធានីដាម៉ាស។

ម្យ៉ាងទៀត ពួកអ្នកបះបោរស៊ីរីបានប្រកាសឲ្យដឹងថា ពួកគេនឹងបង្កើតឲ្យមានបេសកកម្មមាន “ទ្រង់ទ្រាយធំ” មួយដើម្បីជួយផ្តួលរំលំរបបគ្រប់គ្រងផ្តាច់ការរបស់បាស្ហារ អាល-អាស្សាដ ដោយប្រកាសអំពាវនាវឲ្យ “ប្រជាជនស៊ីរីទូទាំងប្រទេសឈប់គោរពរដ្ឋអំណាចផ្តាច់ការ”។ នៅក្នុងសេចក្តីថ្លែងការណ៍ ពួកអ្នកប្រឆាំងស៊ីរីបានអំពាវនាវឲ្យក្រុមទាហានដែលបម្រើរបប គ្រប់គ្រងបាស្ហារអាល-អាស្សាដឲ្យរត់ចោលជួរ ដែលគេកត់សម្គាល់ឃើញមានកាន់តែច្រើនឡើង។ ហើយផ្លូវគមនាគមន៍សំខាន់ៗនឹងត្រូវកាត់ផ្តាច់ ដើម្បីធ្វើឲ្យចលនារបស់ទាហានបម្រើរបបគ្រប់គ្រងបាស្ហារអាល-អាស្សាដ នៅគាំងស្ទះ។ គួរបញ្ជាក់ថា កាលពីម្សិលមិញផ្លូវតភ្ជាប់ពីព្រលានយន្តហោះទៅទីក្រុងដាម៉ាសបាន ត្រូវកាត់ផ្តាច់អស់រយៈពេលមួយម៉ោង ហើយប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខបានត្រូវទទួលរងការវាយប្រហារ ពុំឈប់ឈរ។ បេសកកម្មអស់ទាំងនេះទើបនឹងកើតមានជាលើកទីមួយ ចាប់តាំងពីមានការបះបោរប្រឆាំងទល់នឹងអំណាចផ្តាច់ការបាស្ហារ អាល-អាស្សាដនៅខែមីនាឆ្នាំ២០១១មក បេសកកម្មដែលគេបានឲ្យឈ្មោះថា “ភ្នំភ្លើងនៃទីក្រុងដាម៉ាសឬការរញ្ជួយដីនៅស៊ីរី” ដើម្បីធ្វើការផ្តួលរំលំរបបផ្តាច់ការបាស្ហារអាល-អាស្សាដ។ សេចក្តីថ្លែងការណ៍នេះបានត្រូវចុះហត្ថលេខាដោយមេបញ្ជាការរួមHoms-ASL ឬកងកម្លាំងស៊ីរីសេរី។

ថ្ងៃចន្ទទី១៦កក្កដាឆ្នាំ២០១២ ជាលើកទីមួយនៅប្រទេសស៊ីរីចាប់តាំងពីមានការបះបោរប្រឆាំងទល់នឹងអំណាច ផ្តាច់ការបាស្ហារអាល-អាស្សាដនៅខែមីនាឆ្នាំ២០១១មក ដែលការវាយប្រយុទ្ធគ្នាដ៏សែនហិង្សារវាងក្រុមអ្នកបះបោរនិងទាហាន ស៊ីរី បានឈានចូលដល់ក្នុងរដ្ឋធានីដាម៉ាស និងសង្កាត់មួយចំនួនជិតកណ្តាលទីក្រុង។ រដ្ឋធានីដាម៉ាសគឺជាកំពែងនិងជានិមិត្តរូបការពារអំណាចក្តោបក្តាប់ដោយ ប្រធានាធិបតីបាស្ហារអាល-អាស្សាដ។

នៅលើសមរភូមិវិញ កងកម្លាំងរដ្ឋាភិបាលនៅមានប្រៀបជាងកងកម្លាំងបះបោរ ទាំងចំនួនទាហាន ទាំងគ្រឿងសម្ភារៈយុទ្ធភ័ណ្ឌ។ កងកម្លាំងរដ្ឋាភិបាលអាស្សាដមានតាំងពីរថក្រោះ ឧទ្ធម្ភាគចក្រ កាំភ្លើងធំ…..។ល។….. ដូច្នេះបើប្រសិនជាមានការវាយប្រឈមមុខដាក់គ្នាដោយចំៗ កងកម្លាំងស៊ីរីសេរី ASL ពុំអាចយកជ័យជំនះបានឡើយ។

ក៏ប៉ុន្តែ កងកម្លាំងស៊ីរីសេរី ASL អាចធ្វើការវាយប្រហារឡោមព័ទ្ធពុំឈប់ឈរទៅលើកងកម្លាំងរក្សាសន្តិសុខ របស់បាស្ហារអាល-អាស្សាដជារៀងរាល់ថ្ងៃ។ ជាក់ស្តែង ១៦ខែក្រោយពីមានការងើបបះបោរប្រឆាំងនឹងរបបគ្រប់គ្រងផ្តាច់ការ បាស្ហារអាល-អាស្សាដ ហើយនិងក្រោយពីមានការវាយបង្ក្រាបយ៉ាងហិង្សា ពួកអ្នកបះបោរស៊ីរីនៅតែបន្តធ្វើការវាតទីកន្លែងកាន់កាប់របស់ខ្លួន កាន់តែខ្លាំងឡើងៗ រហូតដល់មានការវាយប្រយុទ្ធគ្នាដ៏សែនហិង្សា រវាងក្រុមអ្នកបះបោរនិងទាហានស៊ីរី ឈានចូលដល់ក្នុងរដ្ឋធានីដាម៉ាសផងទៀត។

បច្ចុប្បន្ននេះ យុទ្ធជននៃ កងកម្លាំងស៊ីរីសេរី ASL ជាច្រើនបាននាំគ្នាមកប្រមូលផ្តុំនៅក្នុងទីក្រុងដាម៉ាស ហើយពួកគេបានធ្វើការវាយប្រហារទៅលើទាហានរដ្ឋាភិបាលរហូតដល់ជាយទីក្រុង និងកណ្តាលទីក្រុងដាម៉ាស។ នេះជាយុទ្ធសាស្ត្ររបស់ កងកម្លាំងស៊ីរីសេរី ASL ។ ហើយកាលពីល្ងាចម្សិលមិញ កងកម្លាំងស៊ីរីសេរី ASL បានវាយក្តោបក្តាប់កាន់កាប់សង្កាត់មីដាន តាដាមូនផងទៀត ទីក្រុងដាម៉ាសដែលតែងល្បីថា ជាកំពែងការពារដ៏មុតមាំអំណាចរបស់បាស្ហារអាល-អាស្សាដ។

ក្នុងខណៈពេលដែលការវាយប្រហារគ្នាដ៏ហិង្សាកំពុងកើតមាននៅទីក្រុង ដាម៉ាស ការរិះរកដំណោះស្រាយតាមរយៈផ្លូវទូតនៅតែជួបនឹងការគាំងស្ទះ។ ប្រទេសរុស្ស៊ីនៅតែបន្តធ្វើការខាឃាំងពុំឲ្យសហគមន៍អន្តរជាតិធ្វើការ ថ្កោលទោសនិងដាក់ទណ្ឌកម្មទៅលើប្រធានាធិបតីស៊ីរីបាស្ហារអាល-អាស្សាដ ដោយប្រើសិទ្ធិវេតូប្រឆាំងរបស់ខ្លួននៅក្នុងក្រុមប្រឹក្សាសន្តិសុខនៃ អ.ស.ប.។ នៅថ្ងៃអង្គារនេះ បេសកជនពិសេសរបស់អ.ស.ប.លោកកូហ្វីអាណានអញ្ជើញទៅទីក្រុងម៉ូស្គូ ដើម្បីជួបពិភាក្សាជាមួយលោកប្រធានាធិបតីរុស្ស៊ី ពូទីន ពីការរិះរកដំណោះស្រាយឲ្យវិបត្តិស៊ីរី។

មុនការអញ្ជើញមកដល់ទីក្រុងប៉េកាំងដោយលោក បាន គីមូន អគ្គលេខាធិការនៃអ.ស.ប.ដែលគ្រោងទាមទារឲ្យប្រទេសចិនប្រើឥទ្ធិពល របស់ខ្លួនដើម្បីធ្វើឲ្យរបបគ្រប់គ្រងស៊ីរីបច្ចុប្បន្នប្តូរប្រែ ឥរិយាបថរបស់ខ្លួន ដើម្បីឈានទៅរកការដោះស្រាយវិបត្តិ ប្រទេសចិនតាមរយៈសារព័ត៌មានប្រជាជនបានថ្លែងឲ្យដឹងថា ទីក្រុងប៉េកាំងប្រឆាំងទល់នឹងរាល់អន្តរាគមន៍បរទេសនៅក្នុងប្រទេស ស៊ីរី។

ទីក្រុងវ៉ាស៊ីនតោនឯណោះវិញ កងកម្លាំងម៉ារីនអាមេរិកាំងបានពន្លឿនការបញ្ជូននាវាផ្ទុកយន្តហោះ អាមេរិកាំងទៅកាន់ដើមបូព៌ា ដើម្បីធ្វើការប្រឈមមុខទល់នឹងភាពតានតឹងដែលកើតមានក្នុងតំបន់ ជាពិសេសវិបត្តិនៅប្រទេសអ៊ីរ៉ង់និងនៅប្រទេសស៊ីរី។ នេះជាការគូសបញ្ជាក់ដោយលោក George Little អ្នកនាំពាក្យនៃមន្ទីរប៉ង់តាហ្គោននៅថ្ងៃចន្ទម្សិលមិញ។

បើប្រសិនជា ស្ថានភាពធ្លាក់ចុះកាន់តែដុនដាបទៅៗ ដើម្បីបន្តក្តោបក្តាប់អំណាច ស្ហារអាល-អាស្សាដ អាចយកអាវុធគីមីមកប្រើប្រឆាំងទល់នឹងប្រជាជនខ្លួនឯង។ នេះជាការថ្លែងបញ្ជាក់ប្រាប់ដោយNawaf Farès អតីតឯកអគ្គរដ្ឋទូតស៊ីរីប្រចាំប្រទេសអ៊ីរ៉ាក់ដែលបានរត់ចោល របបគ្រប់គ្រងបាស្ហារអាល-អាស្សាដនៅថ្ងៃទី១១កក្កដាឆ្នាំ២០១២កន្លងទៅ តាមរយៈវិទ្យុអង់គ្លេស BBC ៕ (RFI)

Related Articles

Back to top button
Close
Close