រដ្ឋាភិបាលយោធាថៃអះអាងថា បញ្ឈប់ការបញ្ជូនពលករទាំងគំហុកចេញពីប្រទេស
សារព័ត៌មាន Cambodia News/
ថៃ (១៩ មិថនា ២០១៤) ៖ ចំនួនពលករក្នុងប្រទេសថៃ នៅតែបន្ដចាកចេញជាបន្ដបន្ទាប់ ជាពិសេសគឺពលករកម្ពុជាតែម្ដង។ ការបន្ដចាកចេញឥតឈប់ឈរបែបនេះ រដ្ឋាភិបាលយោធាថៃកាលពីថ្ងៃអង្គារ បានប្រកាសថា នឹងបញ្ឈប់ការបញ្ជូនពលករ ចេញពីប្រទេសថៃតទៅទៀត។ ការអះអាងបែបនេះ ធ្វើឡើងដើម្បីលុបបំបាត់នូវពាក្យចចាមអារ៉ាម ដែលថារដ្ឋាភិបាលយោធាថៃ គ្រោងបញ្ជូនពលករខុសច្បាប់ចេញពីប្រទេស ដែលបានលេចឮកន្លងមក។
ជាការឆ្លើយតបនឹងពាក្យចចាមអារ៉ាមខាងលើ រដ្ឋាភិបាលយោធាថៃក៏ផ្ដល់ឱកាសឱ្យនិយោជកក្នុងប្រទេស ចុះឈ្មោះជាផ្លូវការនូវពលករដែលបម្រើការឱ្យខ្លួន ឱ្យបានត្រឹមត្រូវ ដូច្នេះអាជ្ញាធរថៃអាចដឹងពីចំនួនច្បាស់លាស់ ហើយក៏អាចការពារពួកគេពីការបង្ខំ ឱ្យប្រើប្រាស់កម្លាំងពលកម្មហួសកំណត់ និងចៀសឱ្យផុតពីការទទួលរងនូវអំពើហិង្សាផងដែរ។
លេខាធិការអចិន្ត្រៃយ៍នៃក្រសួងការបរទេសថៃបានបញ្ជាក់ថា ពាក្យចចាមអារ៉ាមដែលថា រដ្ឋាភិបាលយោធាមានគម្រោងបញ្ជូនពលករខុសច្បាប់ ចេញពីប្រទេសថៃនោះ មិនមានប្រភពច្បាស់លាស់ទេ ប៉ុន្ដែទោះបីជាមានពលករដែលមិនបានចុះឈ្មោះ ក្នុងបញ្ជីការងារច្បាស់លាស់ក៏ដោយ ក៏ពួកគេនៅតែទទួលបានការការពារ ស្របតាមកាតព្វកិច្ចសិទ្ធិមនុស្សដែរ។
ក្រុមប្រឹក្សាជាតិដើម្បីសន្ដិភាព និងសណ្ដាប់ធ្នាប់ចង់រៀបចំឡើងវិញ នូវពលករក្នុងប្រទេសថៃ ដូច្នេះពួកគេអាចបន្ដទទួលបានការការពារផ្នែកសុខមាលភាព និងសិទ្ធិរបស់គេផងដែរ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះមានពលករមកពីប្រទេសឡាវ មីយ៉ាន់ម៉ា និងកម្ពុជាដែលចុះបញ្ជីជាផ្លូវការ ក្នុងប្រទេសថៃប្រមាណជាងពីរលាននាក់។ តែទោះជាយ៉ាងណាក៏ដោយ ក៏នៅមានពលករមិនស្របច្បាប់ជាច្រើនលាននាក់ផ្សេងទៀត កំពុងបម្រើការក្នុងប្រទេសថៃ៕