អ្នកភូមិបឹងកក់ប្រមាណជា៥០នាក់ នាំគ្នាតវ៉ានៅមុខធនាគារពិភពលោក
សារព័ត៌មានយុវ័យថ្មី/
ភ្នំពេញ (១៦ មិថុនា ២០១៤) ៖ នៅថ្ងៃទី១៦ មិថុនា នេះ ក្រុមអ្នកអតីតដែលធ្លាប់រស់នៅតំបន់បឹងកក់ផ្សេងទៀត ក៏នឹងនាំគ្នាទៅតវ៉ានៅមុខសាលារាជធានីភ្នំពេញ ករណីការបណ្ដេញចេញទាំងបង្ខំ ទាមទារឲ្យមានការសើរើឡើងវិញ និងទាមទារមួយគ្រួសារ២ម៉ឺនដុល្លារបន្ថែមទៀត សម្រាប់ការបណ្ដេញចេញរបស់ពួកគេ។
យ៉ាងហោចណាស់មានស្ត្រីប្រជាសហគមន៍ជម្លោះដីធ្លីនៅបឹងកក់ប្រមាណជា៥០នាក់បានជួបជុំគ្នាតវ៉ានៅមុខធនាគារពិភពលោកប្រចាំនៅរាជធានីភ្នំពេញ។ ក្រុមស្ត្រីតំណាងប្រជាពលរដ្ឋ នៅបឹងកក់បានស្រែកទាមទារឲ្យធនាគារពិភពលោកបើកការត្រួតពិនិត្យឡើងវិញនូវគម្រោងដែលត្រៀមនឹងផ្តល់ឲ្យរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា។
អ្នកស្រីទេពវន្នីតំណាងអ្នកបឹងកក់ បានស្រែកតាមឧឃោសនស័ព្ទ ដោយព្រមានដល់ធនាគារ ពិភពលោក ថា អ្នកបឹងកក់នឹងបណ្ដេញធនាគារពិភពលោកចេញពីកម្ពុជា ប្រសិនបើធនាគារអន្តរជាតិមួយនេះនៅតែបន្តផ្តល់លុយដល់រដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍តំបន់បឹងកក់ដែលមិនបានផលប្រយោជន៍ដល់ប្រជាជននៅទីនោះតែផ្ទុយទៅវិញបានទាំងបណ្ដេញប្រជាជន ចេញទៀតផង។
គួរបញ្ជាក់ថា ដីនៅតំបន់បឹងកក់ចាប់ផ្តើមមានជម្លោះជាមួយក្រុមហ៊ុនឯកជន ចាប់តាំងពីកំឡុងឆ្នាំ២០០៧។ តំណាងស្ត្រីនៅតំបន់បឹងកក់ទាំងចាស់ទាំងក្មេងបានចេញតវ៉ាស្ទើររៀងរាល់ថ្ងៃ នៅតាមស្ថាប័នជាតិមួយចំនួនករណីការបណ្ដេញចេញរបស់ក្រុមហ៊ុនស៊ូកាគូអ៊ីនរបស់លោកឧកញ្ញ៉ាឡៅ មិនឃិន៕