ជីជី ត្រូវបានបញ្ឈប់តំណែងជាពិធីការិនីនៅ CTN
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៦ មិថុនា ២០១៤) ៖ ប្រភពក្រៅផ្លូវការមួយបានបង្ហើបឱ្យដឹងថា តារាសម្តែង និងពិធីការិនីដ៏មានប្រជាប្រិយភាពមួយរូបក្នុងស្ថានីយទូរទស្សន៍ CTN នាង ជីជី ត្រូវបានគេបញ្ឈប់ពីបុគ្គលិករបស់ ស្ថា នីយទូរទស្សន៍ មួយនេះហើយ ខណៈពេលដែលតារារូបនេះបានអវត្តមានក្នុងកម្មវិធីសំខាន់ៗដែលធ្លាប់យិតយោងប្រជាប្រិយភាពរបស់នាងមានរហូតមកដល់បច្ចុប្បន្ន ។
ជីជី បានអវត្តមានពីតំណែងរបស់ខ្លួននៅក្នុងស្ថានីយទូរទស្សន៍ CTN យ៉ាងគួរឱ្យភ្ញាក់ផ្អើល បើសូម្បីតែកម្មវិធីរាត្រីកំសាន្តដែលនាងធ្លាប់កាន់មកជាមួយនោះ ក៏មិនមានវត្តមានរបស់នាងដែរ ធ្វើឱ្យទស្សនិកជនដាក់ការសង្ស័យថា នាងទំនងជាមានបញ្ហាជាមួយថ្នាក់ដឹកនាំនៅក្នុងស្ថានីយទូរទស្សន៍មួយនេះជាមិនខាន ។
បើយោងតាមប្រភពពីអ្នកធ្វើការនៅក្នុងស្ថានីយទូរទស្សន៍ CTN បានបង្ហើបឱ្យដឹងថា តាមពិតជីជី មិនបានទៅណាឆ្ងាយពីស្ថានីយទូរទស្សន៍មួយនេះឡើយ ពោលគឺនាងគ្រាន់តែចង់ដកឃ្លាមួយរយៈប៉ុណ្ណោះ ។
ប្រភពខាងលើនេះ បានបញ្ជាក់ថា ជីជី មិនចង់ធ្វើការនៅស្ថានីយទូរទស្សន៍មួយផ្តាច់មុខឡើយ ដោយនាងចង់ធ្វើជាពិធីការិនីឯករាជ្យម្នាក់ដូចទៅនឹងនាង ឌួង ហ៊្សូរីដា ដែលអាចបម្រើការងារបានគ្រប់ទីកន្លែង ។
យ៉ាងណាក៏ដោយ ប្រភពខាងលើនេះ មិនអាចបញ្ជាក់បានទេថា ជីជីអាចនឹងទៅបម្រើការងារនៅស្ថានីយទូរទស្សន៍ណាផ្សេងទៀតនៅឡើយទេ ប៉ុន្តែតារារូបនេះ ទំនងជារយាលបន្តិចហើយពីស្ថានីយទូរទស្សន៍ CTN ៕