ពលរដ្ឋខ្មែរ ជាង១ម៉ឺននាក់ ត្រូវថៃបញ្ជូនមកឱ្យកម្ពុជាវិញ
សារព័ត៌មាន Cambodia News/
បន្ទាយមានជ័យ (១២ មិថុនា ២០១៤) ៖ តាមការអះអាងពីអាជ្ញាធរកម្ពុជា កាលពីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤ បានឱ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ប្រជាពលករខ្មែរទាំងស្របច្បាប់និងខុសច្បាប់ ត្រូវបានតម្រួតថៃយករថយន្តដឹកចេញពីប្រទេស របស់គេ ដោយឆ្លងដែនមកកម្ពុជាវិញ តាមច្រកទ្វារអន្តរជាតិ និងច្រកតំបន់មួយចំនួន។
របាយការណ៍ជាបឋម ដែលផ្ដល់ជូនដោយសមត្ថកិច្ចកម្ពុជា បានឲ្យដឹងថា ចាប់ពីថ្ងៃទី០៨ ដល់រសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤នេះ ការដែលអាជ្ញាធរថៃបញ្ជូនប្រជាពលករដ្ឋខ្មែរ មកឱ្យកម្ពុជាវិញ គឺប្រទេសថៃ ធ្វើការបោស សំអាតផ្ទៃក្នុង និងរក្សាសណ្ដាប់ធ្នាប់សន្ដិសុខ សុវត្ថិភាព នៅតាមបណ្ដាខេត្ដ និងទីក្រុងបាងកក ក្រោយពីប្រទេសថៃ គ្រប់គ្រងរដ្ឋបាលដោយយោធា បន្ទាប់ពីរដ្ឋប្រហារទំលាក់រាជរដ្ឋាភិបាលស្របច្បាប់ កាលពីពេលថ្មីៗ កន្លងទៅនេះ។
នៅច្រកអន្ដរជាតិប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ចាប់ពីថ្ងៃទី០៩ ដល់រសៀលថ្ងៃទី១១ ខែមិថុនានេះ គឺមានប្រជាពល រដ្ឋខ្មែរ យ៉ាងហោចណាស់ ក៏ ៦.៩៨៣ នាក់ ឬលើសពីនេះ ត្រូវបានថៃដឹកដោយរថយន្ដ យ៉ាងតិច ១០០ គ្រឿង ពីប្រទេសថៃ មកប្រគល់ឱ្យប៉ូលិសអន្ដោប្រវេសន៍កម្ពុជា៕