អាជ្ញាធររាជធានីភ្នំពេញ ហាមជនអនាថា នៅតាមទីសាធារណៈ
សារព័ត៌នមាន Cambodia News/
ភ្នំពេញ (១០ មិថុនា ២០១៤) ៖ សេចក្ដីប្រកាសព័ត៌មាន របស់អាជ្ញាធររាជធានីភ្នំពេញ ថ្ងៃទី៩ មិថុនា ជូនដំណឹងដល់ថ្នាក់ដឹកនាំខណ្ឌទាំង១២ នៃរាជធានីភ្នំពេញ ឲ្យទប់ស្កាត់ជនអនាថា និងជនក្រីក្រ ដែលនៅតាមទីសាធារណៈ តាមចិញ្ចើមថ្នល់ និងប្រកបរបរសុំទានតាមភ្លើងស្តុបនានា ដើម្បីរក្សាសោភណភាពទីក្រុង និងដើម្បីការពារសុវត្ថិភាពពួកគាត់ពីការងាយរងគ្រោះផ្សេងៗ ដូចជាការជួញដូរមនុស្សជាដើម។
សេចក្ដីថ្លែងការដែលចុះហត្ថលេខា ជួសអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដោយលោក សេង រតនៈ បានណែនាំដល់សាលា ខណ្ឌនៃរាជធានីភ្នំពេញទាំងអស់ ឲ្យសហការជាមួយអង្គការនានា ដើម្បីជួយសង្គ្រោះ និងការពារកុមារអនាថាផងដែរ ទន្ទឹមពេលដែលអាជ្ញាធរសាលារាជធានី ជំរុញឲ្យអាជ្ញាធរគ្រប់ខណ្ឌ ចាត់វិធានការណ៍បង្ក្រាបឧក្រិដ្ឋកម្មជួញដូរមនុស្ស ឬបង្ខំស្ត្រីនិងកុមារឲ្យដើរសុំទានតាមទីសាធារណៈ៕