ក្រសួងអប់រំ បិទមិនឱ្យមានការប្រឡងឌីប្លូមទេឆ្នាំនេះ
សារព័ត៌មាន Cambodia News/
ភ្នំពេញៈ ជារៀងរាល់ឆ្នាំ គេសង្កេតឃើញមានការប្រឡងធំៗចំនួនពីរ ក្នុងនោះមានការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ថ្នាក់ជាតិ និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ(ឌីប្លូម)។
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីទ្បា លោក ហង់ ជួនណារ៉ុន បានឲ្យដឹងកាលពីថ្ងៃទី៧ ខែមិថុនា ថា ក្រសួងអប់រំ យុវជន និងកីទ្បា នឹងមិនរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ(ឌីប្លូម)ថ្នាក់ជាតិនោះទេ ប៉ុន្តែក្រសួងបានផ្ទេរឲ្យទៅសាលានីមួយៗជាអ្នករៀបចំ និងចេញវិញ្ញាសារដោយខ្លួនឯងជំនួសវិញ។
លោករដ្ឋមន្ត្រីក្រសួងអប់រំពន្យល់ថា មូលហេតុដែលក្រសួងមិនរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ គឺដើម្បីកាត់បន្ថយការចំណាយ ដោយក្រសួងយកប្រាក់ដែលត្រូវចំណាយលើការប្រឡងឌីប្លូម មកឧបត្ថម្ភការប្រឡងមធ្យមសិក្សាទុតិយភូមិវិញ។
លោក ហង់ ជួនណារ៉ុន បានបញ្ជាក់ឲ្យដឹងទៀតថា ការមិនប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិថ្នាក់ជាតិនៅឆ្នាំនេះ គឺជាការសាកល្បងរបស់ក្រសួង ហើយនៅឆ្នាំក្រោយក្រសួង នឹងធ្វើការពិចារណាចំពោះការប្រឡងនេះម្តងទៀត។
ចំពោះការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំនេះ ត្រូវបានលោករដ្ឋមន្ត្រីក្រសួងអប់រំ លើកឡើងថា នៅក្នុងឆ្នាំនេះ ក្រសួងនឹងចាត់វិធានការឲ្យបានតឹងរ៉ឹងដើម្បីលុបបំបាត់នូវវប្បធម៌លួចចម្លង និងការបែកវិញ្ញាសារជាដើម។
សូមបញ្ជាក់ថា ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៤-៥ ខែសីហា ដោយឡែក ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ នឹងប្រព្រត្តឹទៅនៅខែកញ្ញ ឆ្នាំ២០១៤ខាងមុខ៕