រថយន្តក្រឡុកសីម៉ុងត៍បុករ៉ឺម៉កម៉ូតូ ២គ្រឿង បណ្តាលឱ្យបុរសម្នាក់ស្លាប់
សារព័ត៌មាន Cambodia News /
ភ្នំពេញ (០៣ មិថុនា ២០១៤) ៖ រថយន្តក្រឡុកសីុម៉ងត៍មួយគ្រឿងបានបើកចុះពីលើស្ពានជ្រោយចង្វាទៅបុករះ ម៉ូតូចំនួន២គ្រឿង ហើយកិនបុរសម្នាក់ជាអ្នកបើកបរ រ៉ឺម៉កម៉ូតូបែក ក្បាលផ្កាប់មុខ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួស ភ្លាមៗនោះ អ្នកបើកបរបានចុះពីលើរថយន្តគេចខ្លួនបាត់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៤ នៅចំណុចគល់ស្ពានជ្រោយចង្វាត្រើយខាងកើត ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ។
ជនរងគ្រោះដែលបានស្លាប់ មានឈ្មោះ ជីម ភារម្យ ភេទប្រុស អាយុ៣១ឆ្នាំ ជាអ្នករត់រ៉ឺម៉កម៉ូតូ មានលំនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ត្រូវរថយន្តក្រឡុកស៊ីម៉ងត៍កិនបែកក្បាលស្លាប់ភ្លាមៗនៅ កន្លែងកើតហេតុ។
ចំណែកអ្នករងរបួសឈ្មោះ ងួន ហាំ ភេទប្រុស អាយុ៤១ឆ្នាំ ជាអ្នករត់រ៉ឺម៉កម៉ូតូ មានលំនៅស្រុកបាទី ខេត្តតាកែវ មកស្នាក់នៅម្តុំប្រេស៊ីដង់ ក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រងរបួសត្រង់ទ្រូង ត្រូវអ្នករត់រឺុម៉កម៉ូតូដូចគ្នាដឹកទៅគ្លីនិកតុសិត។
តាមសាក្សីបាននិយាយថា មុនពេលកើតហេតុគេឃើញរថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងខាងលើធ្វើ ដំណើរឆ្លងស្ពានជ្រោយចង្វា ក្នុងទិសដៅពីលិចទៅកើត។ ពេលចុះចំណោតពីលើស្ពានមិនដឹងជាមានមូលហេតុអ្វីទេ ស្រាប់តែរថយន្តនោះរេចង្កូតទៅបុករ៉ឺម៉កម៉ូតូមួយគ្រឿង ហើយរថយន្តបានកិនចំក្បាលអ្នករ៉ឺម៉កម៉ូតូបែកទាំងមួក សុវត្ថិភាពស្លាប់នៅនឹងកន្លែងតែម្តង។
ក្រោយពីកើតហេតុ សម្ថកិច្ចនគរបាលចុះទៅវាស់វែងប្រមូលវត្ថុតាងទាំងអស់ រួចបញ្ជូន ទៅកាន់ការិយាល័យចរាចរណ៍ជើងគោកដើម្បីដោះស្រាយតាមច្បាប់។ ចំណែកសពត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់ឈាបនដ្ឋានវត្ត ប្រជុំសាគរហៅវត្តថ្មីធ្វើបុណ្យតាមប្រពៃណី៕